Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស សុខា ប្រតិកម្មចំពោះការកាត់ក្តីរបស់អាជ្ញាកណ្តាល ក្នុងការប្រកួតបាល់ទាត់ រវាងក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៏

spot_img

ភ្នំពេញ ៖ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រតិកម្មជាមួយប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ លោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងមានការចំណាប់អារម្មណ៍ពីអ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ នៅកម្ពុជា ។

ប្រតិកម្មរបស់លោក ស សុខា បានផ្ទុះឡើងទៅនឹងការប្រកួតសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា រវាងក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៏ ដែលបញ្ចប់ដោយចម្រូងចម្រាសកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ស្របពេលមានមតិរិះគន់ច្រើនលើអាជ្ញាកណ្ដាល ក្នុងការប្រកួតនេះផងដែរ ។

ប្រតិកម្មរបស់លោកស សុខា ខាងលើនេះ គឺបានស្ដែងចេញនូវការគាំទ្រទៅនឹងការលើកឡើង របស់ប្រធានក្លិបអង្គរថាយហ្គឺរដែល បានសម្ដែងការមិនពេញចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ក្នុងការប្រកួតជាមួយណាហ្គាកាលពីល្ងាចម្សិលមិញ ខណៈការប្រកួតបានបញ្ចប់ដោយណាហ្គា យកឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-១ ។

បុរសជនជាតិជប៉ុន លោក Akihiro Kato បានបង្ហាញចម្ងល់លើបណ្ដាញសង្គម ភ្ជាប់ជាមួយវីដេអូខ្លីមួយថា «រហូតមកដល់ពេលនេះ ខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លឹបជប៉ុន?»។ ការលើកឡើងនេះ បន្ទាប់ពីលោកមិនពេញចិត្តគ្រាប់បាល់ ដែលតែតបញ្ចូលទីដោយកីឡាករ Da Cruz នៅនាទី៥៤ តែបែរជាអាជ្ញាកណ្ដាលមិនឲ្យទៅវិញ។

ជុំវិញរឿងនេះ លោក ស សុខា បាននិយាយថា «ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ។ ទី១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ ទី២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលានយល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុង១ឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ ។

លោក ស សុខា បន្ដថា «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ (Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជាអស់ជាច្រើនឆ្នាំមកនេះ»។

សូមជម្រាបថា ការប្រកួតរវាងក្រុមខ្លាំងខាងលើកាលពីល្ងាចម្សុលមិញ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ខណៈចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាយ៉ាងខ្លាំង ហើយក៏មានការប៉ះទង្គិចគ្នាច្រើនដែរ រហូតត្រូវបានអាជ្ញាកណ្ដាល លោក ឃិន ឧសីហា ចែកកាតលឿងអស់ចំនួន ៧ និងកាតក្រហមចំនួន២ ពោលគឺខ្សែការពារ ២រូបរបស់អង្គរថាយហ្គឺរ ដែលត្រូវបានបណ្ដេញចេញពីទីលាននៅចុងម៉ោង រួមមានកីឡាករ ស្រាំង ទិត្យឈី នៅនាទី៧៩ និងកីឡាករ ឈង់ ប៊ុនណាត នៅនាទី៨៧ ។

អ្វីដែលធ្វើឲ្យម្ចាស់ក្លិប កីឡាករ និងអ្នកគាំទ្រមិនអស់ចិត្ត រហូតផ្ទុះការរិះគន់យ៉ាងខ្លាំង មិនត្រឹមតែគ្រាប់បាល់តែតបញ្ចូលទីរបស់ Da Cruz ហើយត្រូវបានអាជ្ញាកណ្ដាលមិនឲ្យក្រោមលក្ខខណ្ឌបាល់ខុសលក្ខខណ្ឌនោះទេ សូម្បីការផ្ដល់បាល់ពិន័យ ១១ម៉ែត្រដល់ក្រុមណាហ្គាវើលដ៏ ដោយហេតុផលបាល់ប៉ះដៃ ស្រាំង ទិត្យឈី ក្នុងប្រអប់គ្រោះថ្នាក់ នៅនាទី៧២ ក៏ជាប្រធានបទក្ដៅផងដែរ ដ្បិតសាមីខ្លួនបានចេញមុខអះអាងថា មិនបានប៉ះដៃនោះទេ ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតដ៏ចម្រូវចម្រាសនេះ ក្រុមណាហ្គាវើលដ៏ បានឡើងទៅឈរលេខរៀងទី៣ បណ្ដោះអាសន្ន ដោយមាន ១៧ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតបាន ៨លើកឈ្នះ ៥ ស្មើ ២ និងចាញ់ ១ ខណៈក្រុមអង្គរថាយហ្គឺរ ទោះបីរបូត ៣ពិន្ទុ តែពួកគេបានបន្ដឈរកំពូលតារាង គ្រាន់តែកាត់បន្ថយគម្លាតពិន្ទុពីគូប្រជែង បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ ៦ ស្មើ ១ និងចាញ់ ២ រកបាន ១៩ពិន្ទុក្នុងដៃ ៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×