Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតកម្ពុជា ៖ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា

spot_img

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១១ នាថ្ងៃទី២១ ខែកក្កដា នេះ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្មភាពជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅ ក្នុងអនុតំបន់មេគង្គ រួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងអនុតំបន់មេគង្គ ដើម្បីឈានទៅសម្រេចឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃប្រទេសសមាជិក។

ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្តេជ្ញាចិត្តច្បាស់លាស់របស់ប្រទេសឥណ្ឌាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងទទួលផលរហ័ស ចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដោយបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ដែលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ និងបានថ្លែងអំណរគុណផងដែរ ចំពោះប្រទេសឥណ្ឌាដែលបាន បង្កើននូវការផ្តល់ជំនួយសម្រាប់គម្រោងទទួលផលរហ័សដល់កម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ដែលជាសមិទ្ធផលមួយដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ ជាអកុសល ឧស្សាហកម្មទេសចរណ៍ត្រូវ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សារមន្ទីរ។ ក្នុងន័យនេះ មានតែផែនការស្តារឡើងវិញរបស់សារមន្ទីរ ដែលមានការគាំទ្រពីបណ្តាប្រទេសជា សមាជិកតែប៉ុណ្ណោះ ទើបអាចដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ហើយអាចឈានទៅរកភាពប្រក្រតីជាថ្មីឡើងវិញ។

សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-គង្គាលើកទី១១ ជាមួយឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រី
ការបរទេសនៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តី
ការបរទេសនៃបណ្តាប្រទេសជា សមាជិកមេគង្គ ដទៃទៀត។
នាឱកាសគម្រប់ខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (២០០០-២០២០) រដ្ឋមន្រ្តីទាំងអស់បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព រយៈពេល៤ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ២០១៩-២០២២។ ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏មានការបើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាធនធានធម្មជាតិ សង្គម និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក។

គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានពន្យារពេលដល់ការប្រារព្ធខួប អនុស្សាវរីយ៍២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលបានគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ខេត្តសៀមរាប ប្រទេសកម្ពុជា។ រដ្ឋមន្រ្តីទាំងអស់បានសម្តែងក្តីសង្ឃឹមថា នឹងអាចរៀបចំព្រឹត្តិការណ៍អបអរសាទរក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ មានភាពប្រសើរឡើង។

រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរចំពោះការគាំទ្រគ្នាទៅវិញទៅមក រវាងបណ្តាប្រទេសមេគង្គ-គង្គា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ដោយយល់ច្បាស់អំពីបញ្ហាប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្រ្តីទាំងអស់បានឯកភាពលើការធ្វើសិក្ខាសាលាជាក់ស្តែងដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការនៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញ ការផ្លាស់ប្តូរគំនិត ស្តីពីវិធីលើកកម្ពស់សុខភាពសាធារណៈ និងធានាបាននូវសន្តិសុខសុខភាព ក្នុងយុគសម័យក្រោយការរាតត្បាតកូវីដ-១៩ ជាពិសេសការអភិវឌ្ឍការស្រាវជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។

រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ជំនួយ របស់ឥណ្ឌាដល់បណ្តាប្រទេសមេគង្គ ក្រោមគម្រោងទទួលផលរហ័ស (Quick Impact Projects) នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ គម្រោងចំនួន៣៨ បានបញ្ចប់ និង៣០គម្រោងផ្សេងទៀតកំពុងអនុវត្ត។

កិច្ចប្រជុំបានបញ្ចប់ទៅ ជាមួយនឹងការអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គាលើកទី១១ ជាមួយនឹងការចែកជូននូវរបាយការណ៍វឌ្ឍនភាព ស្តីពីផែនការសកម្មភាពនៃកិច្ចសហ-ប្រតិបត្តិការមេគង្គ-គង្គា (២០១៩-២០២២) និងបញ្ជីគម្រោងទទួលផលរហ័ស នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×