ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ស្រវឹង បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសជនជាតិចិនម្នាក់រាងស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខភ្នំពេញ 2-AV 1182 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីរកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹបណ្តាលឲ្យរថយន្តទៅមុខលែងរួច ចំណែកឯតៃកុងត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត


