Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រៀបចំយន្តការស្តីពីការបង់ថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

spot_img

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី ២១ខែកក្កដានេះ បានបើកកិច្ចប្រជុំកំណត់ថ្លៃសេវា និងរៀបចំយន្តការបង់ថ្លៃប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សា អំពីសេចក្តីព្រាងក្របខ័ណ្ឌ និងផែនទីបង្ហាញផ្លូវ (Road Map) ស្តីពីការស្រង់ថ្លៃដើម លើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅកម្ពុជា និងប្រមូលធាតុចូល ទាំងលើទម្រង់ និងលើខ្លឹមសារ ដើម្បីឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិផង និងស្ថានភាពជាក់ស្តែងនៅកម្ពុជាផង។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណ:កម្មាធិការសិក្សាអំពីការស្រង់ថ្លៃដើម ដើម្បីកំណត់ថ្លៃសេវា និងរៀបចំយន្តការបង់ថ្លៃប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ បានលើកឡើងថា តម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់នៅកម្ពុជា នាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងខ្លាំង ក៏ដូចជា អនុវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈដទៃទៀត ខណៈពេលដែលធនធានហិញ្ញវត្ថុរបស់រាជរដ្ឋាភិបាល សម្រាប់វិនិយោគលើវិស័យនេះ នៅមានកម្រិតនៅឡើយ។

ឯកឧត្តម បានបញ្ជាក់ថា វាបានក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់រាជរដ្ឋាភិបាល ក្នុងការផ្តល់ហិរញ្ញប្បទានវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដើម្បីរត់ប្រដេញតាមឱ្យទាន់តម្រូវការមានអនាម័យកាន់តែប្រសើរ, ការដោះស្រាយបញ្ហាបរិស្ថាន, និងការឆ្លើយតបទៅនឹងកំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃទីក្រុង និងទីប្រជុំជន។
ឯកឧត្តមបន្តថា វាខុសគ្នាពីសេវាសាធារណៈដទៃទៀត ដូចជា សេវាទឹកស្អាត អគ្គិសនី ជាដើម ហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់រងការលំបាក ដោយសារម្ខាងបណ្តាលមកពីទស្សនៈអាចគេចវេសបាន និងមានកម្រៃសេវាទាប និងម្ខាងទៀត ហិរញ្ញប្បទានសម្រាប់វិស័យនេះនាំឱ្យបាត់បង់ឱកាស ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងទៀត។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ អនុគណៈកម្មាធិការស្រង់ថ្លៃដើមមានភារកិច្ចរៀបចំក្របខ័ណ្ឌស្រង់ថ្លៃដើម និងហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ដែលជាគោលការណ៍ណែនាំមួយ សម្រាប់ការធ្វើសេចក្តីសម្រេចលើ គម្រោងវិនិយោគសាធារណៈនាពេលអនាគត ដើម្បីធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ហើយមាននិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ថា បើតាមឯកឧត្តម វង្សី វិស្សុត សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកកខ្វក់ ត្រូវមានផែនការ និងយន្តការហិរញ្ញប្បទាន និងការស្រង់ថ្លៃដើមច្បាស់លាស់ ដើម្បីធានាពីប្រសិទ្ធភាពនៃការប្រើប្រាស់ថ្លៃដើម និងនិរន្តរភាពរបស់គម្រោងទាំងនេះ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×