Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២១, “មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលថវិកាបរិច្ចាគ សរុបចំនួនប្រមាណ ១៥,៧ លានដុល្លារអាមេរិក

ភ្នំពេញ ៖ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២១, “មូលនិធិគន្ធបុប្ផាកម្ពុជា” បានទទួលថវិកាបរិច្ចាគសរុបចំនួនប្រមាណ ១៥,៧ លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ ៩, ៧០% បើធៀបទៅនឹងរយៈពេល ៦ ខែដំបូង ក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ, ថវិកាដែលមិនទាន់យកទៅប្រើប្រាស់ ក៏ត្រូវបានវិនិយោគ ជាការដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារពាណិជ្ជ ដែលការប្រាក់ដែលទទួលបានត្រូវបានចាត់់ទុកថា ជាចំណូលបន្ថែមរបស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ។ ទន្ទឹមនេះ, ត្រឹមរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ, “មូលនិធិគន្ធបុប្ផាកម្ពុជា” ក៏បានផ្ទេរថវិកាជូនមន្ទីរពេទ្យជាបន្តបន្ទាប់ ដែលមានចំនួនសរុបប្រមាណជាង ៤ លានដុល្លារអាមេរិក ។

ត្រឹមរយៈពេលដូចគ្នានេះ, “មូលនិធិគន្ធបុប្ផាកម្ពុជា” ទទួលបានសមាជិកចំនួន ៦២,២៨៥ នាក់ ។គួបញ្ជាក់ដែរថា “របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២០ របស់មូលនិធិគន្ធបុប្ផាកម្ពុជា” ត្រូវបានដាក់ឱ្យធ្វើសវនកម្មដោយក្រុមហ៊ុនសវនកម្មលំដាប់អន្តរជាតិ PriceWaterhouseCooper ដែលសវនករឯករាជ្យបានផ្តល់មតិថា “តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ដំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ត្រូវបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមគោលការណ៍គណនេយ្យ ” ដោយមិនមានភាពខុសឆ្គង និងក្លែងបន្លំឡើយ ។

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ , លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បាន និងបន្តផ្តោតសំខាន់ លើការអនុវត្តសកម្មភាពបំផុសចលនាកៀរគរ ការបរិច្ចាគតាមរយៈប្រព័ន្ធអនឡាញ (Online) ក្នុងគោលបំណងប្រមូលវិភាគទានសប្បុរសធម៌ ក៏ដូចផ្សព្វផ្សាយជាសាធារណៈ អំពីមូលនិធិដោយមានសកម្មភាពចម្បងៗដូចជា៖ ១. កិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុជាដៃគូ ក្នុងការទទួលការបរិច្ចាគជា E-donation, ២. ការផលិតវីដេអូផ្សព្វផ្សាយដែលមានភាពសម្បូរបែប, ៣. ការរៀបចំយុទ្ធនាការ និងកម្មវិធីនានា ជាពិសេសកម្មវិធីដែលមានការចូលរួមសហការ និងគាំទ្រដោយបណ្តាក្រុមហ៊ុននានា ដើម្បីផ្សព្វផ្សាយ និងប្រមូលការបរិច្ចាគ, និង ៤. ការបន្តដាក់ហិបទទួលការបរិច្ចាគនៅតាមទីសាធារណៈ ជាពិសេសផ្សារទំនើប និងភោជនីយដ្ឋាននានា ។

បន្ថែមលើវឌ្ឍនភាព និងទិសដៅការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមប្រឹក្សាបរធនបាល ក៏បានទទួលនូវរបាយការណ៍ អំពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ ២០២១ នេះ ដែលក្នុងនោះ មន្ទីរពេទ្យបានទទួលព្យាបាលចំនួនជាង ២២៦ ១៩៤ នាក់ ដែលករណីជំងឺធ្ងន់មានចំនួន ៤៥ ០៧៥ នាក់ បានសម្រាកព្យាបាល និង ចំនួន ១០ ១៩០ នាក់ទទួលការវះកាត់ ។ ផ្នែកសម្ភព មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ឬមន្ទីរពេទ្យជ័យវរ្ម័នទី ៧ បានទទួលពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះចំនួន ៤១ ៨៥៥ នាក់ និងបានទទួលសម្រាលកូនចំនួន ១០ ៣២៣ នាក់ ។
ជាមួយគ្នានេះដែរ, ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យបានរៀបចំសម្រួលហេដ្ឋា-រចនាសម្ព័ន្ធ បុគ្គលិក និងក្រុមការងារ ក្នុងការព្យាបាលអ្នកជំងឺដែលរកឃើញមេរោគកូវីដ-១៩ នៅអគារដាច់ដោយឡែកពីអគារពិនិត្យ និងព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងនៅសៀមរាប ផងដែរ ៕ រក្សាសិទ្ធិដោយ៖CEN

×