Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសថៅកែបុរីម្នាក់ ចូលចិត្តប្រលែងលេងនឹងល្បែងឆបោក ត្រូវតុលាការសម្រេចដាក់គុកលើកទី៣

ភ្នំពេញ ៖ ថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលសម្បូណ៌រឿងអាស្រូវបទល្មើស ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី ដែលចេញសែកស្អុយរូបនេះ ឈ្មោះ កែវ មុនីរតន៍ អាយុ៥៥ឆ្នាំ រស់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ហើយបានកសាងសំណុំរឿង បញ្ជូនទៅកាន់តំណាងអយ្យការបើកការសាកសួរ និងសម្រេចចោទប្រកាន់ រួចហើយបញ្ជូនសំណុំរឿងតាមដីកាលេខ១២៥៥ អ.យ.ឋ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ទៅកាន់ចៅក្រមស៊ើបសួរ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានញ្ជូនខ្លួនបុរសត្រូវចោទ ឈ្មោះ កែវ មុនីរតន៍ អាយុ៥៥ឆ្នាំនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរជាថ្មីទៀត ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាច្រើនម៉ឺនដុល្លារអាមេរិក ឱ្យទៅដៃគូររកស៊ីជាមួយគ្នា ដែលជាភាគី ដើមបណ្ដឹង។

តាមប្រភពព័ត៌មាន ពីមន្ត្រីតុលាការឲ្យដឹងថា មកដល់រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ចៅក្រមស៊ើបសួរ លោក លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរង់ចាំសវនាការអង្គសេចក្ដី។

តាមរបាយការណ៍សមត្ថកិច្ច បង្ហាញថា បុគ្គលឈ្មោះ កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅតុលាការ និងសម្រេចដាក់ពន្ធនាគារចំនួន២លើករួចមកហើយ , សរុបលើកនេះ គឺ៣ដងហើយ ពាក់ព័ន្ធករណីដដែលៗ គឺមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

សូមរំលឹកថា បុរសសម្បូណ៌បទល្មើសរូបនេះ គឺលោក កែវ មុនីរតន៍ ក៏ជាអគ្គនាយកក្រុមហ៊ុន កែវសុខវាសនាវឌ្ឍនាវតី ផងដែរនោះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីការបស់តុលាការ ពាក់ព័ន្ធរឿងឆបោកប្រាក់ជាង ២លានដុល្លារ ក្រោមរូបភាពលក់ដីខ្យល់ម្ដងរួចទៅហើយ។

មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ជីប ចណ្ណារិទ្ធិ មេធាវីការពារសិទ្ធិឲ្យម្ចាស់ដី និងជនរងគ្រោះឈ្មោះ ជៃ ហូមីង ជនជាតិចិន ក៏បានដាក់ពាក្យទៅសាលាស្រុកអង្គស្នួល និងសាលាឃុំលំហាច ឲ្យទប់ស្កាត់សកម្មភាព សាងសង់សំណង់ខុសច្បាប់របស់ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ផងដែរ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ម្ដុំជិតផ្សារថ្នល់ទទឹង កែងផ្លូវ៦០ម៉ែត្រ ត្រង់គីឡូ ម៉ែត្រ លេខ៣ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលផងដែរ , នេះជាការរកស៊ីហក់លោត ហក់ចេញពីបន្ទាត់ច្បាប់ ត្រូវច្បាប់ចាប់ទាញឲ្យចូលពន្ធនាគារ៕ រក្សាសិទ្ធិដោយ : ចន្ទាភា

×