ភ្នំពេញ ÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាការពារសង្កាត់ចោមចៅទី១ ធ្វើការឡោមព័ទ្ធចាប់បានភ្លាមៗ ពេលកំពុងធ្វើសកម្មភាពលួចយកលេបថបមួយគ្រឿង បានសម្រេច។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ រេន រឿន អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើនេះ បានចូលទៅលួចលេបថបមួយគ្រឿង របស់ប្រជាពលរដ្ឋនៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ខណ:ដែលលួចបានហើយក៏ព្យាយាមរត់គេចខ្លួន តែត្រូវបានសន្តិសុខដែលយាមប្រចាំការ នៅក្នុងបុរីបានរាយការណ៍ជូនកម្លាំងមានសមត្ថកិច្ច ក្រោយពេលទទួលព័ត៌មាន អំពីចោរលួចនេះហើយ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី១ បានចុះទៅអន្តរាគមន៍ឡោមព័ទ្ធចាប់ជនសង្ស័យ រួមនិងវត្ថុតាងប្រគល់ឲ្យម្ចាស់ដើមវិញ។

ចំណែកជនសង្ស័យត្រូវបានដឹក មកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលចោមចៅទី១ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកលេបថបនៅ ក្នុងបុរីពិភពថ្មីពិតប្រាកដមែន មូលហេតុរូបគេញៀនថ្នាំ ហើយអត់មានលុយសម្រាប់ទិញថ្នាំជក់ ទើបសម្រេចចិត្តដើរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋណា ដែលទុកប្រហែសបែបនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម







