ភ្នំពេញ ៖ ពិតមែនតែឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ បានអនុញ្ញាតឲ្យប្រើជាលក្ខណៈបុគ្គលឯនជន និងនៅតាមផ្ទះ ប៉ុន្តែមិនអនុញ្ញាតដាច់ខាតឲ្យបើកការរកស៊ីទិញយកឧបករណ៍នេះទៅលក់បន្តនោះទេ បើពុំនោះសោតទេ នឹងត្រូវចាត់ការតាមច្បាប់ជាតិព័ត៌មាន, នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះ អាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ មិនអនុញ្ញាតឲ្យលក់បន្ត។

ថ្មីៗនេះ ក្រុមមន្ត្រីជំនាញបានរកឃើញមានការរកស៊ីលក់បន្តនូវឧបករណ៍តេស្តរហ័សរក អង់ទីហ្សែន កូវីដ-១៩ នេះ, ហើយថា ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ រួចហើយ និងបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ទាំងនោះ បានបញ្ជាទិញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
មន្ត្រីជំនាញឆ្លើយតបបន្ទាន់ទាក់ទិននឹងករណីប្រយុទ្ធប្រឆាំងកូវីដ-១៩ នេះបានលើកឡើងថា ការទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩រួចស្រេចទៅហើយនោះ ដូច្នេះនៅពេលដែលប្រជាពលរដ្ឋទៅទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពីឈ្មួញទៀតនោះ វានឹងមានការបង្កើតតម្លៃ នាំឲ្យខាតបង់ថវិកា។

បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ប៉ុណ្ណោះ ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន , ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាស ទាំងនោះ នៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួងនោះឡើយ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN
















