ភ្នំពេញ ÷ រថយន្តម៉ាក ford មួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូជ្រុលចង្កូតឡើងលើខឿនផ្លូវ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់១ដើម រងការខូចខាតខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង២០ នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកford មួយគ្រឿង ពណ៌កណ្តុប្រមេះពាក់ផ្លាកលេខភ្នំពេញ2-BN 8386 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន មិនប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ បានគេចពីម៉ូតូមួយគ្រឿង មិនចាំម៉ាកក៏រេចង្កូតឡើងលើខឿនផ្លូវ ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់១ដើម រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនមានគ្រោះអ្នកដល់មនុស្ស និងអ្នករួមដំណើរជិតខាង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត



