ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាក Rang rover មួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវកោងមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរួញចូលគ្នា ផ្នែកខាងមុខ ចំណែកឯបង្គោលភ្លើងវិញ ខូចខាតតិចតួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៩២ កែងផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកRang rover មួយគ្រឿង ពណ៌ខ្មៅ បានដោះផ្លាកលេខចេញបានធ្វើដំណើរតាមបណ្តោយផ្លូវ៩២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ដល់ផ្លូវបទកោងមិនប្រយ័ត្ន បានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯម្ចាស់រថយន្ត បានដោះផ្លាកលេខចេញរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត


