ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្ត Lexus ៤៧០មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុកឡើងលើខឿនផ្លូវ រួចបន្តទៅបុកបង្គោលស្លាកសញ្ញា ពេញទំហឹងបណ្តាលឲ្យរថយន្តរួញចូលគ្នា ផ្នែកខាងមុខ ចំណែកឯបង្គោលស្លាកសញ្ញាវិញ ខូចខាតទ្រេត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង១៥ នាទីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកLexus ៤៧០មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-1288 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលចង្កូតឡើងលើខឿនផ្លូវ រួចបន្តទៅបុកបង្គោលស្លាកសញ្ញា ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯម្ចាស់រថយន្តបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ រួចក៏បានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត



