ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាក ford មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតជ្រុលឡើងលើខឿន ទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបង្គោលភ្លើងបាក់ទ្រេត ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ និង២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្លូវរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកfordមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-BH 5363 បានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង តាមចំណុចផ្លូវកោងរង្វង់មូលវត្តភ្នំ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងលើខឿនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបង្គោលទ្រេត១ដើម ចំណែកឯរថយន្តបង្ករងការខូចខាត ផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកម្ចាស់រថយន្តនៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

