Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញជ័រកៅស៊ូ អំឡុងពេលរាតត្បាតកូវីដ១៩នេះ ពុំប៉ះពាល់ឡើយ

ភ្នំពេញ ៖ ម្ចាស់ក្រុមហ៊ុននាំចេញកៅស៊ូធំៗនៅកម្ពុជា បានអះអាងថា ការនាំចេញកៅស៊ូទៅកាន់ប្រទេសវៀតណាម នៅតែដំណើរការធម្មតា ទោះបីជាមានការរឹតត្បិត ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមច្រកព្រំដែនជាងមុនក្តី។ បច្ចុប្បន្នវៀតណាម ជាទីផ្សារទិញជ័រកៅស៊ូដ៏ធំរបស់កម្ពុជា។

លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានឱ្យដឹងថា ការរឹតបណ្តឹងតាមច្រកព្រំដែនកម្ពុជា-វៀតណាម ក្នុងពេលដែលវៀតណាមកំពុងផ្ទុះការឆ្លងកាន់តែខ្លាំង រហូតដល់បិទខ្ទប់ខេត្តរបស់ខ្លួនជាច្រើនក៏ដោយ ក៏ការនាំចេញជ័រកៅស៊ូទៅកាន់ប្រទេសនេះ នៅតែដំណើរការទៅជាប្រក្រតី និងតម្លៃមិនមានការធ្លាក់ចុះនោះទេ។ ទោះជាយ៉ាងនេះក្តី លោកថា អ្វីដែលជាបញ្ហាប្រឈមធំក្នុងការលៈទេសៈដ៏លំបាកនេះ គឺកង្វះកប៉ាល់ដឹកជញ្ជូន ដែលធ្វើឲ្យតម្លៃឈ្មួលដឹកជញ្ជូនមានការកើនឡើង។

អ្នកនាំចេញកៅស៊ូ បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃជ័រកៅស៊ូ ១តោនលក់បាន ១.៧៩៤ដុល្លារ ដែលរយៈពេលកាលពីឆ្នាំមុនដូចគ្នា ១តោនលក់បាន ១.២៧៦ដុល្លារ។ ក្នុងរយៈពេល ៦ខែឆ្នាំ ២០២១នេះ ក្រុមហ៊ុនរបស់លោកបាននាំចេញកៅស៊ូ បានជាង ៧.៨០០តោន គិតជាទឹកប្រាក់ប្រមាណជាង ១៤,១លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនជាង ៦.៧០០តោន គិតជាទឹកប្រាក់ជាង ៨,៦លានដុល្លារ។

គួរបញ្ជាក់ថា បើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆមាសទី ១ឆ្នាំ ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញជ័រកៅស៊ូចំនួន ១៣២.១៧៤តោន ទៅកាន់ទីផ្សារក្រៅប្រទេស ពោលគឺបានកើនឡើង ៧,១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខដដែលនេះបានកត់ត្រាពីចំណូលនាំចេញជ័រកៅស៊ូ ចន្លោះពីខែមករា ដលខែមិថុនា មានតម្លៃសរុបប្រមាណ ២២១,៦៧លានដុលា្លរ កើនឡើង ២៨,៧២%៕ រក្សាសិទ្ធិដោយ៖CEN

×