ភ្នំពេញ ៖ នៅឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាបន្តទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងក្នុងស្រុកនិងតំបន់ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍ កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្មដែលបន្តមានវឌ្ឍនភាពល្អ។ នេះបើយោងតាមរបាយការណ៍បូក សរុបការងារលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១របស់ធនាគារ ជាតិនៃកម្ពុជា។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ធនាគារជាតិនៃកម្ពុជា បានរួមចំណែករក្សាស្ថិរភាព ថ្លៃទំនិញនិងជំនឿទុកចិត្តមកលើសេដ្ឋកិច្ច ព្រមទាំងអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដោយថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែង អត្រាប្តូរប្រាក់បន្តមានស្ថិរភាពក្នុងរង្វង់ ៤.០៨៥ រៀលក្នុងមួយដុល្លារអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សា អតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន ២,៥ភាគយ។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិតខ្ពស់ ២០,៨ប៊ីលានដុល្លារអាមេរិក ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណ ជាង១០ខែ និងបានពង្រឹងជំនឿទុកចិត្ត របស់សាធារណជនមកលើប្រាក់រៀលផងដែរ។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨ភាគរយ ឥណទានអតិថិនមានកំណើន ២៣,៤ភាគរយ និងប្រាក់បញ្ញើអតិថិជនកើន ២០,៧ភាគរយ។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិត ២៤,៤ភាគរយ សម្រាប់វិស័យធនាគារ និង ២២,៧ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ សន្ទនីយភាពមានកម្រិតខ្ពស់ ១៥៩,៨ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង ១៧២,៦ភាគរយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។

របាយការណ៍បន្តថា អនុបាតឥណទានមិនដំណើរការមានកម្រិតទាប ២,៤ភាគរយ សម្រាប់វិស័យធនាគារ និង ២ភាគរយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រួលលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
លើសពីនេះ ដើម្បីសម្រាលបន្ទុក ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញចំនួន ៣៦៧.២៣៩ គណនី ស្នើនឹង ២២,២ទ្រីលានរៀល ឬប្រមាណ ៥,៥ប៊ីលានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



