ភ្នំពេញ ៖ ការសម្រេចឃុំខ្លួនបានធ្វើឡើងដោយលោកយ៉ាន សុភាព ចៅក្រមសាលាដំបូងរាជជធានីភ្នំពេញ តាមដីកាសម្រេចឃុំខ្លួន ជនត្រូវចោទម្នាក់ឈ្មោះ អួង សុភ័ក្រ ភេទប្រុសអាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ « ឆបោក » ពាក់ព័ន្ធបទល្មើសលក់ផ្ទះខ្យល់ យកប្រាក់គេអស់១៦ម៉ឺនដុល្លារ តែពុំមានផ្ទះឲ្យគេ ។

តុលាការបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ អួង សុភ័ក្រ ត្រូវបានគេស្គាល់ថា មានស្រុកកំណើត នៅឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត និងមានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ១១បេ ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមដីកាសម្រេចឃុំខ្លួន តុលាការបានដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ តាមមាត្រា៣៧៧.មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនិងករណីលក់ផ្ទះខ្យល់មួយ ឲ្យអ្នកដទៃយកប្រាក់គេអស់១៦ម៉ឺនដុល្លារ តែមិនមានផ្ទះឲ្យគេទេ ទើបម្ចាស់ប្រាក់សម្រេចប្ដឹងមកសមត្ថកិច្ចនិងតុលាការ។

តាមក្រមព្រហ្មទណ្ឌ (មាត្រា៣៧៧ មាត្រា៣៧៨.បទ ឆបោក ,ទោសដែលអនុវត្ត) ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល។
បន្ទាប់ពីសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនជាប់ចោទត្រូវបានតុលាការ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីព្រលប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ តាមសេចក្ដីសម្រេចរបស់តុលាការ រង់ចាំបើកសវនាការពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ជំនោ
