ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំអនឡាញរវាងក្រសួងទេសចរណ៍ ជាមួយទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី ដឹកនាំដោយលោក ឌីមីយាន ស្ម៉ីឡេវៀតស៍ (Demyan Smilevets) ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី , លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិភាគីកម្ពុជា បានថ្លែងឲ្យដឹងថា ភាគីរុស្ស៉ីបានទទួលយកសំណើរបស់កម្ពុជា ក្នុងការបន្តកិច្ចសហការជំរុញទេសចរពីប្រទេសរបស់ខ្លួន ឱ្យមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត ពិសេស គឺក្នុងដំណាក់កាលដែលកម្ពុជាបើកទទួលយក «ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំអនឡាញ ស្ដីពី កិច្ចសហប្រតិបត្តិការលើផ្នែកទេសចរណ៍នេះ ភាគីកម្ពុជា និងរុស្ស៊ី បានពិភាក្សាលើចំណុចសំខាន់ៗជាច្រើនរួមមាន ÷
- ការបណ្ដុះបណ្ដាលបំប៉នដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសារុស្ស៉ី,
- ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ Road show តាមប្រព័ន្ធអនឡាញ និងការចូលរួមផ្ទាល់ដល់ក្រុមហ៊ុនទេសចរណ៍រុស្ស៉ី,
- ការរៀបចំទស្សនកិច្ចសិក្សាផ្សព្វផ្សាយ ពិសេសលើគោលដៅទេសចរណ៍នៅកម្ពុជាពីក្រុមហ៊ុនទេសចរណ៍ និងសារព័ត៌មាន (Tailormade Farm Trip),
- ការគាំទ្ររបស់រុស្ស៉ីដល់ការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩»,
- សហការជំរុញការហោះហើរត្រង់រវាងកម្ពុជា-រុស្ស៉ី ,
- គំនិតផ្ដួចផ្ដើមរៀបចំឲ្យមានមជ្ឈមណ្ឌលទេសចរណ៍អាស៊ាន-រុស្ស៉ី ជាដើម៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN





