ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋដែលប្រព្រឹត្តបទល្មើសកាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃតំបន់អភិរក្សធនធានធម្មជាតិរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បរបាញ់សត្វ បោះជំរំលំនៅឋាន ចំនួន ៨នាក់ ត្រូវបានកម្លាំងចម្រុះ ដឹកនាំដោយ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ចុះបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចដំណាក់ម្អម ភូមិស្មែត ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួចហើយនាំយកទៅកាន់មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ ដើម្បីសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។

ប្រជាពលរដ្ឋចំនួន ៨នាក់ ប្រព្រឹត្តល្មើសខាងលើ ត្រូវបានសមត្ថកិច្ចពិនិត្យជាក់ស្ដែងឃើញថា ពួកគេបានកាប់រានដីព្រៃរបស់រដ្ឋជាង ១៥ហិកតា ដោយបានប្រើប្រាស់ រណារយន្ដចំនួន ០៥គ្រឿង , កាំបិត ០៨ផ្លែ , ពូថៅ ០១ , អន្ទាក់សត្វចំនួន ១០០ខ្សែ។ ជាមួយនេះ សមត្ថកិច្ចបានដុតបំផ្លាញ ខ្ទមចំនួន ០៣, ជំរំប្រក់តង់ចំនួន ០៤ , ហើយសម្ភារដែលរឹបអូសមួយចំនួន ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការឧទ្យានជាតិ ជួរភ្នំក្រវាញកណ្ដាលរវៀង និងសម្ភារខ្លះទៀតប្រគល់ជូនប្រជាការពារ និងរដ្ឋបាលស្រុកវាលវែងរក្សាទុក។
លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានអប់រំណែនាំដល់ប្រជាពលរដ្ឋ ចំនួន ១១គ្រួសារ ផ្សេងទៀត ដែលរស់នៅក្នុងទីតាំងស្របច្បាប់ សុំកុំកាប់រុករានដីព្រៃ ឬកាប់គាស់ភ្នំយកដីធ្វើកម្មសិទ្ធិ និងបរបាញ់សត្វខុសច្បាប់តទៅទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN











