Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោភលន់ចង់បានផ្ទៃដីធំ ចាក់ដីលុបស្ទឹង ពង្រីកមាត់ច្រាំង ត្រូវកម្លាំងខណ្ឌដង្កោឃាត់ខ្លួន ៣នាក់ ជាកូនប្រធានភូមិ

ភ្នំពេញ ៖ លោភលន់ណាស់បូមខ្សាច់ចាក់ដីពង្រីកមាត់ច្រាំងស្ទឹងព្រែកត្នោតឲ្យធំយកធ្វើជាកម្មសិទ្ធិ ប៉ុន្តែត្រូវគេរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌដង្កោ បានដឹងទាន់ពេលវេលា ក៏ចាត់កម្លាំងព្រហ្មទណ្ឌ ចុះកាយដីចេញពីមាត់ច្រាំងវិញ និងឃាត់ខ្លួនក្រុមអ្នកបំពាននោះ ដែលតាមពិត គឺជាកូនប្រុសប្រធានភូមិសាក់សំពៅចំនួន ៣នាក់ នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរបន្ថែម។

សកម្មភាពឃាត់ខ្លួនកូនប្រធានភូមិសាក់សំពៅ ទាំង៣នាក់ ដែលបំពាន បូមខ្សាច់ចាក់ដីពង្រីកមាត់ច្រាំង ឬអាចនិយាយថា ចាក់ដីលុបស្ទឹងព្រែកត្នោតនេះ បានធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្មុងទឹកដីសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺក្រោយពួកគេបើកគ្រឿងចក្រមករារាំងការងាររបស់អាជ្ញាធរខណ្ឌដង្កោ ដែលចុះទៅទប់ស្កាត់ការចាក់ដីលុបស្ទឹងព្រែកត្នោតនេះ ។

កម្លាំងនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនទាំង ៣នាក់នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ បានដាក់គ្រឿងចក្រ ទៅកាយខ្សាច់ដែលឈ្មួញទុច្ចរិត បានលួចមូបខ្សាច់ពីកណ្ដាលស្ទឹង មកចាក់ស្តុកលើមាត់ស្ទឹងព្រែកត្នោត ក្បែរស្ពានសាក់សំពៅ ដើម្បីពង្រីកមាត់ច្រាំងឲ្យធំ ហើយយកធ្វើជាកម្មសិទ្ធិរបស់ពួកគេ។

ពេលដែលមន្ត្រីការងាររបស់ខណ្ឌដង្កោកំពុងប្រតិបត្តិការកាយដីចេញពីមាត់ច្រាំងវិញ ស្រាប់លេចមុខអ្នកទាំង៣ បើកគ្រឿងចក្រមកបិទផ្លូវមិនឲ្យមន្ត្រីអាជ្ញាធរ ដំណើរការការងារ ក៏ឈានដល់ការជជែកគ្នាតឹងសរសៃ.ក រហូតមន្ត្រីអាជ្ញាធរស្នើឲ្យ សមត្ថកិច្ចព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកឃាត់ខ្លួនយកទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ។

ជុំវិញករណីនេះ លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា កូនប្រុសប្រធានភូមិសាក់សំពៅទាំង ៣នាក់ ដែលឃាត់ខ្លួននោះ ត្រូវបានអ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ អនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ ដោយមានអ្នកមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តល្មើសតទៅទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×