Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង គាំទ្រពេញទំហឹងលើកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ខណ:នឹងដាក់ប្រើប្រាស់ផ្លូវការដើមឆ្នាំ២០២២

spot_img

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងលើគំនិតផ្តួចផ្តើមបង្កើតកម្មវិធីដកពិន្ទុបណ្ណបើកបរ ចំពោះអ្នកបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ និងបានស្នើពន្លឿនលើខ្លឹមសារអន្តរក្រសួង ដែលបានព្រាងរួចរាល់ និងឯកភាពក្នុងកម្រិតបច្ចេកទេសនោះឱ្យបានលឿនផង។

ការលើកទឹកចិត្តបែបនេះរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រាយការណ៍ពីវឌ្ឍនភាពការងារលើការដាក់ដំណើរការ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងក្រុមការងារបច្ចេកទេស។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សព្វថ្ងៃនេះ បានពិនិត្យឃើញថា នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ( ITPR) នៃក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាបានខិតខំអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមជួយដល់មន្រ្តីនគរបាលចរាចរណ៍ ដែលខិតខំធ្វើការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអភិវឌ្ឍការប្រើប្រាស់លើដងផ្លូវឱ្យទទួលបានសុវត្ថិភាព។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំសម្តេចក្រឡាហោម ស ខេង ជួយពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងលើកម្មវិធីនេះ មុននឹងចាប់ផ្តើមបណ្តុះបណ្តាលកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ជូនមន្ត្រីនគរបាលចរាចរណ៍ នៅខែសីហា ឆ្នាំ២០២១ និងដាក់ដំណើរការសាកល្បង , ផ្សព្វផ្សាយជូនសាធារណជននៅខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងប្រគល់ឧបករណ៍ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន ៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិ ហើយកម្មវិធីនេះ នឹងត្រូវសម្ពោធដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីវឌ្ឍនភាពការងាររៀបចំដំឡើងប្រព័ន្ធកាមេរ៉ាចាប់ល្បឿន លើផ្លូវជាតិមួយចំនួន ដោយសហការជាមួយ អគ្គស្នងការនគបាលជាតិ, ក្នុងនោះ គឺនៅតាមដងផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់កំពត នឹងបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿន ១០ទីតាំង ចំនួន១៤ឈុត និងកំពុងសិក្សាបំពាក់ប្រព័ន្ធកាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៧ ពី ស្គន់ទៅកំពង់ចាម ព្រមទាំងពិនិត្យលទ្ធភាពស្នើសុំ JICA បំពាក់កាមេរ៉ានេះលើផ្លូវជាតិលេខ៥ និងនៅតាមផ្លូវជាតិមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×