ភ្នំពេញ៖បុរសជនជាតិកូសូវ៉ូម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួននិងត្រូវបានលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់បណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធករណីឆបោកប្រាក់លោកស្រី ឃឹម រ៉ានី អគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ចំនួន២៧លានដុល្លារអាមេរិក ។
ចន្លោះពេលនេះ មានលេចភស្តុតាងជាច្រើន ដែលបង្ហាញថា បុរសជនជាតិកូសូវ៉ូរូបនេះ ធ្លាប់ឆបោកប្រាក់អ្នកដទៃជាច្រើនសន្ធឹកសន្ធាប់ ស្ទើរទូទាំងពិភពលោកទៅហើយ ដែលមានលក្ខណៈជាប្រព័ន្ធនិងមានការចាត់តាំងច្បាស់លាស់។
បុរសជនជាតិកូសូវ៉ូរូបនេះឈ្មោះ ដឺនីស កូកូវិច (Denis Cokovic) ត្រូវបានតុលាការចោទប្រកាន់ពីបទ”មិនបំពេញ កាតព្វកិច្ចចំពោះ ឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ថ្ងៃទី២៨ ខែមេសា ថ្ងៃទី១៦ ខែឧសភា ថ្ងៃទី២៦ ខែឧសភា និង ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៧ តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការ ទូទាត់សងប្រាក់។
ប្រភពព័ត៌មានច្បាស់ការណ៍មួយនិងតាមឯកសារទទួលបាន បង្ហាញថា ឈ្មោះ ដឺនីស កូកូវិច គឺ ជាបងប្អូនរបស់វីនីតា អ្នកលក់ថ្នាំញៀនដ៏ល្បីឈ្មោះ ដែលកើតនៅប្រទេស Montenegro ។ វីនីតា ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៥ នៅប្រទេសអេស្ប៉ាញ ចំពោះការរត់ពន្ធកូខេន ជាអន្តរជាតិទម្ងន់៣,៥តោន មានតម្លៃ២០លានអឺរ៉ូ។ ប្រព័ន្ធផ្សព្វផ្សាយ បានហៅវីនីតា ថា ជាអ្នកផ្គត់ផ្គង់កូខេនទៅពាក់កណ្ដាលពិភពលោក ។
ឯកសារ បង្ហាញថា កូកូវិច ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្មជាមួយចូស៊ិប ស្វេទិក ( Josip Svetic ) ដែលធ្លាប់ជាប់ទោសគ្រឿងញៀននៅឆ្នាំ២០០៩ ។ កូកូវិច ជាប់ពាក់ព័ន្ធការវាយប្រហារដោយអាវុធ ហើយមានរបួសភ្នែកឆ្វេងយ៉ាងធ្ងន់ធ្ងរ ក្នុងការបាញ់បោះហើយសព្វថ្ងៃនេះ កូកូវិច មិនអាចមើលឃើញ ហើយមានការលំបាកក្នុងការស្តាប់។ក្រោយមក កូកូវិច ត្រូវបានផ្តន្ទាទោសពីបទបាញ់បោះ ។
នៅខែកុម្ភៈ ឆ្នាំ២០១០ កូកូវិច បានចុះបញ្ជីក្រុមហ៊ុនមួយឈ្មោះណាហ៊ិល (Nahil) ដោយប្រើប្រាស់ឈ្មោះក្លែងក្លាយ នៅទីក្រុង Banja Luka (Denis Mensur Bibic) ក្រុមហ៊ុននេះសន្យារកការងារឱ្យប្រជាជន Serbia នៅឌីបៃ ដោយផ្តល់ប្រាក់ខែពី២០០០KM-៦០០០KM ហើយជាថ្នូរនឹងសេវានេះ ភាគីដែលមានចំណាប់អារម្មណ៍ត្រូវបង់ប្រាក់ឱ្យក្រុមហ៊ុនចំនួន៨០០KM ។ សេវានេះមិនដែលបានផ្តល់ដល់ប្រជាជនទាំងនេះទេ ហើយចុងបញ្ចប់ កូកូវិច លួចលុយបាន២០០០០០KM។
ឯកសារបង្ហាញទៀតថា ក្រោយពីប្រតិបត្តិការរាប់សិបឆ្នាំក្រសួងមហាផ្ទៃប្រទេស Serbia បានរកឃើញថាឈ្មោះ កូកូវិច គឺ ជាឈ្មោះក្លែងក្លាយ ហើយក្រសួងមហាផ្ទៃបានលុបចោលអាជ្ញាប័ណ្ណនានារបស់ កូកូវិច ហើយបានជូនដំណឹងទៅរដ្ឋបាលពន្ធដារប្រទេស Serbia និង ធនាគារទាំងអស់អំពីករណីឆបោកនេះ ។ គណនី Bibic ត្រូវបានផ្អិប ប៉ុន្តែខណៈដែលករណីឆបោកកំពុងត្រូវបានស៊ើបអង្កេត កូកូវិច បានរត់គេចខ្លួន ។
ក្រោយពីអត្តសញ្ញាណពិតរបស់ កូកូវិច ត្រូវបានបង្កើតឡើង ដីកាត្រូវបានចេញ ដោយសារការជាប់សង្ស័យថាគាត់បានប្រព្រឹត្តអំពើឧក្រិដ្ឋ តាមរយៈការក្លែងបន្លំ និង បន្លំ ឆបោក និង ការរកស៊ីឆបោកដែលការខាតបង់លើសពី ២០០០០០KM។
កូកូវិច បានបោកប្រាស់ប្រាក់មនុស្សជាច្រើនបើគិតជាទឹកប្រាក់រាប់ពាន់អឺរ៉ូ ។ កូកូវិច ត្រូវបានចោទប្រកាន់ពីបទឆបោកនិយោជិក និង ការក្លែងបន្លំឯកសារ។
តាមឯកសារចុងក្រោយ បញ្ជាក់ថា បទឧក្រិដ្ឋមួយទៀត កូកូវិច បានគំរាមកំហែងមនុស្សម្នាក់ នៅពេលកូកូវិច ចូលទូករបស់គេដែលចងភ្ជាប់នឹងផែ ។ បន្ទាប់មក កូកូវិច បានដកកាំភ្លើងខ្លីចេញពីក្រោយ និង ដាក់កាណុងកាំភ្លើងចូលក្នុងមាត់ជនរងគ្រោះ ។ កូកូវិច ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ជនរងគ្រោះ ។ ក្រោយមក កូកូវិច ត្រូវបានចោទប្រកាន់ថា បានវាយ Boolan ជាច្រើនដងជាមួយនឹងកាំភ្លើងខ្លី បន្ទាប់មកបានភ្ជង់ពោះជនរងគ្រោះ ហើយកូកូវិច ត្រូវបានចាប់ខ្លួន ។
គួរបញ្ជាក់ថា ករណីឆបោកលុយរាប់លានដុល្លាររបស់លោកស្រី ឃឹម រ៉ានី អគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ នេះកម្លាំងអាវុធហត្ថ បើកប្រតិបត្តិការ ក្រោមបញ្ជាផ្ទាល់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ។
នៅពេលរៀបចំដំណើរការ ជនសង្ស័យរូបនេះ បានប្រាប់សមាជិកភាគហ៊ុនក្នុងក្រុមហ៊ុនថា ក្រុមហ៊ុនធំនៅបរទេសដែលមានដើមទុនហាសិបពាន់លានដុល្លារអាមេរិក ពុំទាន់ទម្លាក់ប្រាក់មកឱ្យទេ ។ ដូច្នេះ សូមឱ្យសមាជិកភាគហ៊ុនទាំងអស់ ចេញប្រាក់ជាមុនសិនដើម្បីបានដំណើរការ។ ពេលនោះ លោកស្រីឃឹម រ៉ានី បានចេញប្រាក់ជាបន្តបន្ទាប់ ឱ្យទៅជនសង្ស័យ រហូតចំនួន២៧លានដុល្លារអាមេរិក។
ក្រោយពេលបានទទួលប្រាក់រួចហើយ ជនសង្ស័យពុំបានយកប្រាក់នេះ ទៅដំណើរការសាងសង់រីស្ស៊ត ដូចការអះអាងនោះទេ ធ្វើឱ្យសមាជិកភាគហ៊ុន មានការសង្ស័យ ទើបឈានដល់ការស្រាវជ្រាវដឹងថា ពុំមានគម្រោងរៀបចំរីស្ស៊តនៅខេត្តកែប និងខេត្តកំពតឡើយ។ បន្ទាប់មកជនសង្ស័យ បានទាមទារប្រាក់បន្ថែម ចំនួន៤លានដុល្លារទៀត ទើបលោកស្រី ឃឹម រ៉ានី ដាក់ពាក្យប្តឹង នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចរៀបចំគម្រោងចាប់ខ្លួន ខណៈពេលជនសង្ស័យ មកទទួលប្រាក់។
លុះពេលពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ ក៏នាំទៅឆែកឆេរកន្លែងស្នាក់នៅ ក្នុងអាផាតមិន ម៉ាលីន នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ធ្វើការដកហូតប្រាក់ចំនួន៤២ម៉ឺនដុល្លារអាមេរិក នៅក្នុងអាផាតមិន ម៉ាលីន ដែលជនសង្ស័យកំពុងរស់នៅ ។
សកម្មភាពទាំងអស់នេះ គឺជនត្រូវចោទ ឈ្មោះ Denis Cokovic មិនមែនប្រព្រឹត្តតែម្នាក់ឯងនោះទេ គឺជនត្រូវចោទបានប្រព្រឹត្តបទល្មើសជាប្រព័ន្ធ ឬជាក្រុមដែលមានការចាត់តាំងច្បាស់លាស់ដែលក្នុងនោះមានឈ្មោះ Cokovic Denis ជាមេខ្លោង និងជាអ្នកយកលុយ មានឈ្មោះ Siriluck Choochart ជាអ្នកចុះហត្ថលេខាចេញមូលប្បទានបត្រ រីឯឈ្មោះ Sompong Sakulthap ជាអ្នករត់ឯកសារ៕ ដោយ ៖ វិចិត្រ