ភ្នំពេញ ៖ ប៉ូលិសព្រហ្មទណ្ឌ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ អាយុ ៥១ឆ្នាំ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ ករណីប្រើអាវុធខ្លីមួយដើម មិនស្គាល់ម៉ាកបាញ់ ជនរងគ្រោះអាយុ ៧៥ ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ ក្នុងខណ្ឌច្បារអំពៅ ។
ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2025 ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះ ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និង ទទួលបានថ្លៃឈ្នួល 2.300$ ដុល្លារ ។ ករណីនេះ ស្ត្រីរូបនោះមានទំនាស់ក្នុងការរកស៊ី ជាមួយជនរងគ្រោះ ។
នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖៥០នាទី មានករណី ប៉ុនប៉ងឃាតកម្ម កើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី ១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួង សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល ២ ៣០០ ដុល្លារ។
ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។ ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី ១ដើម ម៉ាក K59។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








