សៀមរាប ៖ ដោយសារគម្រោងអភិវឌ្ឍធំៗជាច្រើន ដែលស្ថាប័នរាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន បាន កសាង នៅក្នុងក្រុងសៀមរាប នោះនឹងធ្វើឱ្យខេត្តសៀមរាប ក្លាយជាទីក្រុងដ៏ទំនើបនាពេលខាងមុខឆាប់ៗ នេះ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថា ខេត្តសៀមរាប និងរីកចម្រើនខ្លាំងនាពេលខាងមុខ ដោយ សារគម្រោងអភិវឌ្ឍធំៗ ចំនួន៤។ ដែលគម្រោងធំៗទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម័ន្ធ ជីវ ភាពប្រជាជនក្នុងស្រុក នឹងធូរធារ ហើយចំនួនភ្ញៀវទេសចរ នឹងកើនឡើងនាពេលខាងមុខ នៅពេលវិស័យទេសចរណ៍ត្រលប់មករកស្ថានភាពល្អឡើងវិញ ក្រោយពីជំងឺកូវីដ១៩ បានបញ្ចប់។
អ្នកជំនាញបន្តថា គម្រោងធំៗទាំងនោះ នឹងមានឥទ្ធិពលដល់ការអភិវឌ្ឍរបស់ខេត្តសៀមរាបនាពេលខាងមុខដ៏ខ្លី។ គម្រោងអភិវឌ្ឍន៍ធំៗទំាង៤នោះ រួមមាន៖ ទី១ គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ទី២ គម្រោងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត និងស្តារ-កែលម្អដងស្ទឹងសៀមរាប ទី៣ រមណីយដ្ឋានលំដាប់អន្តរជាតិតម្លៃ ៣៥០លានដុល្លារនិងទី៤ គោលដៅទេសចរណ៍ថ្មីៗ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ។ ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យស្របតាមបទដ្ឋានបច្ចេកទេស សក្តិសមជាទីក្រុងទេសចរណ៍សម័យទំនើប។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនសំដៅ លើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន។

លើសពីនេះ គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្ត ដើម្បីកែប្រែសោភ័ណភាព នៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យសក្ដិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលរដ្ឋាភិបាលត្រៀមថវិការ ៥លានដុល្លារ ដើម្បីស្តា និងកែលម្អដងស្ទឹងសៀមរាប នឹងជួយលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប បង្កើនភាពទាក់ទាញ ក៏ដូចជាត្រៀមស្វាគមន៍ នៃការមកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។
ជាងនេះទៅទៀត គម្រោងរមណីយដ្ឋានលំដាប់អន្តរជាតិតម្លៃ ៣៥០លានដុល្លារ «Angkor Lake of Wonder» ជាគម្រោងអភិវឌ្ឍចម្រុះមានដូចជា សួនទឹក សណ្ឋាគារលំដាប់ផ្កាយប្រាំ កន្លែងជិះទូកកម្សាន្ត (canal system) និងទីក្រុងចិន (Chinatown) ជាដើមនិងធ្វើឱ្យទីក្រុងសៀមរាប កា្លយជាទីក្រុងដ៏ទំនើប។ ដោយឡែកគោលដៅទេសចរណ៍ថ្មីៗ រួមនិងតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី និងជម្រុញ ឱ្យខេត្តសៀមរាបក្លាយជាទីក្រុងដ៏ទំនើបនាពេលខាងមុខដ៏ខ្លី៕ រក្សាសិទ្ធិដោយ៖CEN




