Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការរឹតបន្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីណែនាំបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្ដបន្ទាប់ ក្នុងចំណោមបុគ្គលិក និងកម្មករ-និយោជិត កំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងអត្រាប្រឈមខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានវិធានការរឹតបន្ដឹងឲ្យកាន់តែមានប្រសិទ្ធភាព។

ចំពោះមុខនេះ ដើម្បីធានាឲ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់បុគ្គលិក និងកម្មករ និយោជិត ក្នុងវិស័យសំណង់ ព្រមទាំងនិរន្ដភាពការងាររបស់ការដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវរឹតបន្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំនួន១៤ចំណុច។

១- ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្ដីណែនាំបន្ថែមលេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

២.ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបញ្ជីឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ឬ ទីកន្លែងស្នាក់នៅក្នុងអំឡុង ពេលបំពេញការងារ និងព័ត៌មានចាំបាច់មួយចំនួនទៀតរបស់បុគ្គលិក និងកម្មករ-និយោជិតទាំងអស់ ដែលកំពុងបម្រើការងារក្នុងការដ្ឋានសំណង់នីមួយៗ ផ្ដល់ជូនមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីងាយស្រួលក្នុងការកំណត់ អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ប្រសិនបើមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង ការដ្ឋានសំណង់ជាយថាហេតុ។

៣. ចាត់ឱ្យមានអ្នកចែកម៉ាស់ វាស់កម្ដៅ បាញ់ទឹកអាល់កុល ឬ ដែលអាល់កុល និងអនុវត្តការស្កេន QR Code -ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលការដ្ឋាន និងតម្រូវឱ្យគ្រប់បុគ្គលទាំងអស់ ដែលមានវត្តមានក្នុងការដ្ឋានសំណង់ ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាទាំងអស់។

៤- ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬ ដាក់ទឹកអាល់កុល-ជលអាល់កុល ឱ្យបានច្រើនទីតាំង ក្នុងការដ្ឋាន ដើម្បីឱ្យបុគ្គលិក និងកម្មករ-និយោជិតប្រើប្រាស់។

៥. ណែនាំដល់បុគ្គលិក និងកម្មករ-និយោជិត ឱ្យធ្វើការសម្អាតអនាម័យ-បរិស្ថាននៅក្នុង និងក្រៅបរិវេណ ការដ្ឋានសំណង់រៀងរាល់មួយសប្ដាហ៏ម្ដង និងចាត់ឱ្យមានអ្នកទទួលខុសត្រូវសម្អាតជាប្រចាំចំពោះ បន្ទប់ទឹក បន្ទប់សម្រាក និងកន្លែងទទួលទានអាហាររបស់បុគ្គលិក និងកម្មករ-និយោជិត។ ក្នុងករណី មានជាប់ពាក់ព័ន្ធករណីវិជ្ជមានជំងឺកូវីដ-១៩ ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់នីមួយៗ ត្រូវបាញ់ថ្នាំសម្លាប់មេរោគឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ មុននឹងអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ-និយោជិតចូលបំពេញការងារវិញ។

៦. រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់ដែលមាន លទ្ធភាព តួររៀបចំឱ្យមានបន្ទប់ស្នាក់នៅប្រចាំថ្ងៃជូនបុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួន ដើម្បី ងាយស្រួលគ្រប់គ្រង និងថែរក្សាសុខុមាលភាពរបស់ពួកគេ។ ក្នុងករណីមិនអាចរៀបចំបាន ត្រូវណែនាំ ឱ្យពួកគេចៀសវាងការស្នាក់នៅប្រមូលផ្តុំក្រៅពីរង្វង់ក្រុមគ្រួសារ ឬ បុគ្គលិក និងកម្មករ-និយោជិតដល បម្រើការងារក្នុងការដ្ឋានសំណង់តែមួយ និងត្រូវគ្រប់គ្រងទីតាំងដែលពួកគេស្នាក់នៅឱ្យបានច្បាស់លាស់។

៧. មិនអនុញ្ញាតឱ្យមានការលក់ដូរអាហារ -ភេសជ្ជៈ សម្ភារប្រើប្រាស់ ឬ គ្រឿងឧបភោគ-បរិភោគផ្សេងៗ ដែលគ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ទាំងខាងក្នុង និងជុំវិញទីតាំងការដ្ឋានដាច់ខាត លើកលែង តែសេវាកម្មផ្គត់ផ្គង់អាហារប្រចាំថ្ងៃ ដែលសហការ ឬ រៀបចំដោយម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋាន។

៨. មិនអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ-និយោជិតចេញមកទទូលទានអាហារនៅខាងក្រៅការដ្ឋាននោះទ និងលើកទឹកចិត្តឱ្យវេចខ្ចប់អាហារ សម្រាប់ទទួលទាននៅក្នុងអំឡុងពេលមកបំពេញការងារ។ ការទទួល ទានអាហារ ត្រូវអនុវត្តនៅហ្នឹងកន្លែងបំពេញការងារ ដោយត្រូវរក្សាតម្លាតសុវត្ថិភាព ១,៥ ម៉ែត្រ និង ហាមឃាត់ការជួបជុំប្រមូលផ្តុំគ្នា ក្រោយពេលសម្រាកពីការងារ ទោះក្រោមរូបភាពណាក៏ដោយ ជាពិសេសចំពោះបុគ្គលិក និងកម្មករ-និយោជិត ដែលស្នាក់នៅក្នុងការដ្ឋាន ឬ ទីកន្លែងស្នាក់នៅរួម ដែលម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានបានរៀបចំឱ្យស្នាក់នៅ។

៩- ចូលរួមផ្សព្វផ្សាយ អប់រំណែនាំបន្ថែម និងក្រើនរំលឹកជាប្រចាំដល់បុគ្គលិក និងកម្មករ-និយោជិតទាំងអស់ ក្នុងការដា្ឋន អំពីវិធានសុខាភិបាល និងវិធានការចាំបាច់មួយចំនួនទៀត ក្នុងការទប់ស្កាត់ និងបង្ការការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង៣ កុំ ” របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

១០. ពិនិត្យលទ្ធភាពត្រៀមទីតាំងសមស្រប សម្រាប់ការធ្វើតេស្តយកសំណាក ការអនុវត្តវិធានចត្តាឡីស័ក ឬ ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។

១១.ត្រៀមឧបករណ៏តក្ដរហ័សរកវីរុសកូវីដ-១៩ ដែលបានចុះបញ្ចិកាពីក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់ ក្នុងការដ្ឋាន។ ប្រសិនបើមានបុគ្គលិក និងកម្មករ-និយោជិតណាមួយ មានបញ្ហាសុខភាព ដូចជា ក្ដៅខ្លួន ក្តក-កណ្តាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋាន ត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ ចំពោះបុគ្គលនោះ និងអ្នកពាក់ព័ន្ធជាបន្ទាន់។ ក្នុង ករណីលទ្ធផលតស្ដបង្ហាញវិជ្ជមានជំងឺកូវីដ-១៩ ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋាន ត្រូវទំនាក់ទំនង មកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងរាយការណ៏មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ វិធានការគ្រប់គ្រងឱ្យបានទាន់ពេលវេលា។

១២.ធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ចំពោះបុគ្គលិក និងកម្មករ-និយោជិតថ្មី។ ករណីលទ្ធផលតេស្តអវិជ្ជមាន ត្រូវអនុញ្ញាតឱ្យចូលធ្វើការ ប៉ុន្តែ ត្រូវបន្តតាមដានសុខភាព ដោយធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ចំនួន ២ លើកបន្ថែមទៀត រៀងរាល់មួយសប្តាហ៍ម្ដង និងគួរណែនាំឱ្យទទួលទានអាហារ និងសម្រាកនៅ ដាច់ដោយឡែកពីកម្មករដទៃទៀត រយៈពេល ១៤ ថ្ងៃ ។

១៣. ណែនាំបុគ្គលិក និងកម្មករ -និយោជិត ចៀសវាងគេចវេះពីការធ្វើចត្តាឡីស័ក ឬ ការធ្វើតេស្តយកសំណាក ដើម្បីបញ្ចៀសបាននូវហានិភ័យខ្ពស់ចំពោះខ្លួនឯង-គ្រួសារ សុខភាពសាធារណៈ និងចៀសវាងការពិន័យ អន្តរការណ៍តាមការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

១៤. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្ដាការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បី ត្រួតពិនិត្យការអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា ម្ចាស់ការដ្ឋាន ឬ អ្នក គ្រប់គ្រងការដ្ឋានសំណង់ណាមួយមិនព្រមអនុវត្ត ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។

ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ម្ចាស់ការដ្ឋាន ឬ អ្នកគ្រប់គ្រងការដ្ឋានសំណង់គ្រប់ប្រភេទ បុគ្គលិក និង កម្មករ-និយោជិតក្នុងវិស័យសំណង់ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារន សេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×