ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកMAZDA មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបួងចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ពេញទំហឹងបណ្តាលឲ្យបង្គោលភ្លើងបាក់អូសចូលក្រោមរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាង ល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០០៨ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាក MAZDA មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BD- 8716 បើកបរតាមបណ្តោយផ្លូវ១០០៨ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មិនប្រយ័ត្នខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម ពេញទំហឹងបណ្តាលឲ្យបង្គោលបាក់អូស ចូលក្រោមរថយន្តទៅមុខជាច្រើនម៉ែត្រ ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តបង្កក៏បានបើកទ្វារ រត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌឬស្សីកែវ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

