Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ការដែលខ្ញុំអញ្ជើញទទួលវ៉ាក់សាំងជំនួយមិត្តជប៉ុន យប់នេះ ជាសញ្ញាស្វាគមន៍មិត្តទាំងអស់ និងជំហរការពារប្រជាជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់របស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ជាជំនួយរបស់ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំនួន ១លានដូស ដែលនឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

គួរកត់សម្គាល់ថា ការអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៣ ខែកក្កដា នេះ គឺជាការអញ្ជើញទទួលវ៉ាក់សាំងប្រទេសជាមិត្តលើកទី២ហើយ, ដែលកាលពី លើកទី១ គឺបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលពេលនោះសម្តេចអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ៦០ម៉ឺនដូស។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការដែលខ្ញុំអញ្ជើញទទួលផ្ទាល់ វ៉ាក់សាំង AstraZeneca ១លានដូស ជាជំនួយរបស់មិត្តជប៉ុន នាយប់នេះ គឺជាសញ្ញាបង្ហាញថា ហ៊ុន សែន ស្វាគមន៍មិត្តទាំងអស់ មិនរើសអើងចំពោះមិត្តណាទាំងអស់ ឬដៃគូអភិវឌ្ឍន៍ណាទាំងអស់, ពោលគឺ យើងគោរពនូវកិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌របស់ដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាជានិច្ច, ហើយអ្វីដែលជាពិសេសនោះ គឺយើងធ្វើដើម្បីជំហរការពារអាយុជីវិតប្រជាជន ពីអត្រានៃការស្លាប់ដោយការគំរាមកំហែងពីវីរុសកូវីដ-១៩ដ៏កាចសាហាវនេះ។

លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ការផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូស នេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ-១៩ បង្កហានិភ័យខ្លាំងក្លាដល់កម្ពុជានាពេលបច្ចុប្បន្ន, ហើយថា រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់វ៉ាក់សាំងនេះ តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មកម៉្លេះ , វ៉ាក់សាំងនេះ នឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានការរៀបចំភ័ស្តុភារដោយ COVAX Facilit ។

ឯកអគ្គរាជទូត លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ទៀតថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយស្មើនឹងទឹកប្រាក់ សរុបជាង ៥០លានដុល្លារអាមេរិកហើយ ដល់កម្ពុជាទាក់ទិននឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន ៖ ការផ្ដល់បរិក្ខារពេទ្យ, ការកែលម្អមន្ទីរពេទ្យ , ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ឱ្យបានត្រឹមត្រូវផងដែរ។

ក្រៅពីនោះ រាជរដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

មន្ត្រីជាន់ខ្ពស់កម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍រីករាយចំពោះជំនួយនេះ និងលើកឡើងថា យើងសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា ដែលប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ, ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដូច្នេះសូមថ្លែងអំណរគុណមិត្តជប៉ុន ដែលបានយកចិត្តទុកដាក់ជួយកម្ពុជា មិនថា តែផ្នែកសុខាភិបាល សុខុមាលភាពសាធារណៈ ប៉ុណ្ណោះទេ រួមទាំងការអភិវឌ្ឍន៍ជាច្រើនវិស័យទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×