ភ្នំពេញ ៖ ក្នុងពិធីទទួលវ៉ាក់សាំង AstraZenecaជាជំនួយរបស់មិត្តជប៉ុន នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចំនួន ១លានដូស ( ជំហានដំបូង៣៣ម៉ឺនដូស ) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មីកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះ, ហើយសម្តេច បានប្រកាសអំពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ អាយុ១២ឆ្នាំ រហូតដល់ យុវវ័យ អាយុ១៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។

នៅរាត្រីដដែលនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំនេះ គឺសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនាំចៅៗរបស់សម្តេច ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ទៅទទួលការចាក់វ៉ាក់សាំង, ហើយក៏នឹងមានមន្ត្រីថ្នាក់ដឹកនាំជាច្រើនទៀត អាចនឹងនាំកូនៗ ចៅៗ ទៅទទួលការចាក់វ៉ាក់សាំងផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសថាទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ , ដូច្នេះសូមឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ និងស្រោចស្រង់សង្គមកម្ពុជាឡើងវិញនាពេលខាងមុខ៕ ពិសិដ្ឋ CEN









