ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ CEN នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះថា រយៈពេល ២០៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៤១៦លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៩៩នាក់ និងរបួសចំនួន ២០០៣នាក់ ក្នុងនោះធ្ងន់ចំនួន ១១៦៨នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៣ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ៣នាក់ និងរបួសចំនួន ៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៤នាក់ និងស្រាលចំនួន ៤នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ២០៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១២១៨៦៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៩៩០១គ្រឿង និងរថយន្តចំនួន ៣១៩៦២គ្រឿង ក្នុងនោះរថយន្តតូច ២៤៨០៩គ្រឿង និងធំ ៧១៥៣គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ





