ភ្នំពេញ ÷ បុរសសន្តិសុខក្រុមហ៊ុនឯកជន MPA ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកផ្កាប់មុខស្លាប់ លើស្មៅបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងមួយកន្លែងខាងកើតវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ វង់ ថេង អាយុ៥៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន MPA
សពបុរសខាងលើនេះ ស្លៀកឯកសណ្ឋានជាសន្តិសុខក្រុមហ៊ុន MPA និងមានពាក់កាតសម្គាល់ខ្លួនឈ្មោះវង់ ថេង នៅក្បែរសពមានកង់មួយគ្រឿងពណ៌ក្រហម ។
តាមការពិនិត្យនិងសន្និដ្ឋានថា បុរសខាងលើប្រហែលជាគាត់ ធ្វើការយាមយប់ហើយអត់ងងុយ ខណៈពេលត្រឡប់មកពីធ្វើការវិញ រូបគាត់បានឈប់ជុះនោម ហើយក៏ដួលផ្កាប់មុខដោយមិនទាន់បានរួតខោវិញផង ក៏បានដួលស្លាប់តែម្តង។
សពបុរសខាងលើ សមត្ថកិច្ចបានដឹកយកតម្កល់ទុក នៅវត្តអង្គតាមិញ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖សួង សាម



