បុរសជនជាតិចិន អាយុ ៧២ ឆ្នាំ ម្នាក់ បានកំពុងធ្វើឲ្យអ្នកប្រើប្រាស់អុិនធើរណែត មានការភ្ញាក់ផ្អើលជាខ្លាំង និងស្ទើរតែមិនគួរឲ្យជឿ ខណៈឃើញរូបសម្រស់របស់គាត់នៅរក្សាភាពក្មេងជាងវ័យយ៉ាងខ្លាំង ដែលប្រៀបដូចវ័យ ៣០ ឆ្នាំ អុីចឹង ដែលនេះក៏ដោយសារតែគាត់មានទម្លាប់ធ្វើលំហាត់លើកដុំដែកជាប្រចាំ តាំងពីក្មេងមក។
លោក Xinmin Yang ដែលជាអតីតអ្នកលេងកាយវប្បកម្ម ត្រូវបានដឹងថា គាត់បានចាប់ផ្តើមចូលរួមក្នុងកីឡាហ្វឹកហាត់លើកដុំដែកនេះ នៅក្នុងឆ្នាំ១៩៨៤ ។ ថ្មីៗនេះវីដេអូរបស់គាត់កាលពីឆ្នាំ២០១៩ ត្រូវបានបង្ហោះនៅលើគេហទំព័រ Reddit ហើយត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ។
តែយ៉ាងណា វីដេអូនេះផងដែរ ក៏បានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង ក្នុងចំណោមអ្នកនិយលេងអុិនធើរណែត។ មនុស្សជាច្រើនបានមានមតិលើកឡើងថា វីដេអូនេះគឺជាការបំផ្លើស ព្រោះលោក Xinmin មិនមើលទៅដូចអាយុ ៣០ ឆ្នាំ ទេ តែបើនិយាយថាអាយុជាង ៤០ ឆ្នាំ ឬ ៥០ ឆ្នាំ ទើបត្រឹមត្រូវជា។ ទោះយ៉ាងណា ពួកគេពិតជាសម្តែងការភ្ញាក់ផ្អើល ចំពោះអាយុពិតរបស់គាត់។
នៅពេលមនុស្សជាច្រើន បានសាកសួរពីអត្ថប្រយោជន៍នៃលំហាត់ប្រាណប្រចាំថ្ងៃរបស់គាត់ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ក៏បានប្រាប់ឲ្យដឹងថា លោកតាដែលមានអាយុ ៧០ ឆ្នាំ មើលទៅដូចវ័យ៣០ឆ្នាំ បែបនេះ គឺដោយសារគាត់ទទួលបានអត្ថប្រយោជន៍ពីធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃ អស់រយៈពេល ៣៤ ឆ្នាំ មកហើយ។
ដោយឡែកលោកតា Xinmin វិញ បានចែករំលែកឲ្យដឹងថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំមានជីវិតប្រកបដោយសុខភាពល្អ ដោយសារការហាត់ប្រាណ។ ដូច្នេះ ខ្ញុំពិតជាអរគុណខ្លាំងណាស់ ចំពោះអ្វីដែលខ្ញុំទទួលបាន ក្នុងការធ្វើកាយវប្បកម្ម ហើយចង់ជំរុញឱ្យមនុស្សទាំងអស់គ្នា ចូលរួមក្នុងការធ្វើលំហាត់ប្រាណរាងកាយដូចខ្ញុំ»។
នៅក្នុងវីដេអូគាត់បាននិយាយថា នៅអាយុ ៧០ ឆ្នាំនេះ គាត់មានសុខភាពល្អ ដោយក្នុងនោះសម្ពាធឈាមធម្មតា, ខ្លាញ់ក្នុងឈាមធម្មតា និងដង់ស៊ីតេឆ្អឹងប្រហាក់ប្រហែលនឹងអាយុ ៣០ ឆ្នាំ អុីចឹងដែរ។
តែយ៉ាងណា គាត់បានជឿទៅលើរបបអាហាររបស់គាត់ ដើម្បីរក្សាបានសុខភាពល្អ ដោយជាធម្មតា គាត់ញ៉ាំស៊ុត ៦ ទៅ ៨ គ្រាប់ សម្រាប់អាហារពេលព្រឹក។ ហើយលើសពីនេះ សម្រាប់អាហារពេលព្រឹកទៀតសោត គឺគាត់ញ៉ាំប៉េងប៉ោះ ត្រសក់ និងទ្រូងមាន់ ដែលរបបអាហារនេះ គឺធ្វើឡើងអស់រយៈពេលជិត ១០ ឆ្នាំ។
លោកតា Xinmin ក៏បានឲ្យដឹងបន្ថែមថា គាត់គ្មានផែនការត្រូវឈប់ធ្វើលំហាត់លើកដុំដែកនោះទេ និងនៅតែបន្តអនុវត្តវារហូតអាយុ ៨០ ឆ្នាំ និងអាចលើសហ្នឹងក៏ថាបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













