បន្ទាយមានជ័យ : រថយន្តដឹកធ្ងន់ៗដែលគេចវេះពីស្ថានីយ៍ថ្លឹងទម្ងន់រថយន្តឬហៅថា ជញ្ជីងថ្លឺងឡាននៅកូនដំរីសង្កាត់និមិត្តនិងភ្លៀងរណ្តំកន្លងមកបានបំផ្លាញចំណុចខ្លះនៃកំណាត់ផ្លូវជាតិ២៥៨D ពីបំបែកផ្លូវជាតិលេខ៥ត្រង់ផ្សារគុត្តសតសង្កាត់និមិត្តទៅកាត់គ្នានឹងផ្លូវជាតិលេខ៥៨ រួចភ្ជាប់ទៅច្រកព្រំដែនអូរបីជាន់នៃព្រំដែនកម្ពូជា ថៃក្នុងភូមិនិងឃុំអូរបីជាន់ស្រុកអូរជ្រៅ។ មន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តបន្ទាយមានជួយអះអាងថា ផ្លូវនេះខូចខាតជាហូរហែ តែត្រូវបានក្រុមការងារមនៃមន្ទិរសាធារណការនិងដឹកជញ្ជូនដាក់ការជួសជុលបណ្តើរៗមកដែរ។
សូមបញ្ជាក់ថា ផ្លូវកៅស៊ូប្រភេទឌីប៊ីអេសធី(DBST) លេខ២៥៨ដេ ប្រវែង១៩គម ទទឺង៩ម គុត្តសត-អូរបីជាន់ ជាជំនួយនិងហិរញ្ញប្បទានសាធារណរដ្ឋប្រជាមានិតចិន ស្ថាបនាដោយក្រុមហ៊ុនចិន សំណង់សៀងហៃគ្រុប(Shanghai Contruction Group,Co.,Ltd )កាលពីឆ្នាំ២០១២ ក្នុងគម្រោងផ្លូវលំជនបទរងគ្រោះដោយព្យុះកេតុសាណាឆ្នាំ២០០៩។
យោងប្រភពនានានិងការចុះយកព័ត័មានអោយដឹងថ្ងៃទី២៥តុលាថា: ចំណុចជាច្រើននៃកំណាត់ផ្លូវនេះបានស្រុត ប្រេះ ស្តាំ រហែក បែក ក្លាយជាជង្ហុកតូចធំរាប់សិបកន្លែង ហើយវាប្រឈមនឹងអន្តរាយធំធេងធ្ងន់ធ្ងរជាងនេះបើគ្មានវិធានការទប់ស្កាត់ ដោះស្រាយទាន់ពេលនោះទេ។ មូលហេតុនៃការខូចខាតរួមមាន ៖ ទី១-គុណភាព ស្តង់ដារផ្លូវនេះអន់ស្រាប់ភាគច្រើនដោយសារក្រុមហ៊ុនសាងសង់ ត្បិតអីតាំងពីស្ថាបនាមិនទាន់រួចផង ផ្លូវនេះបានខូចខាតទៅវិញជាច្រើនកន្លែងទៅហើយ។ ទី២-ដោយសាររថយន្តដឹកជញ្ជូនធុនធ្ងន់លើសចំណុះ ពិសេសរថយន្តដឹកដឹកខ្សាច់ ថ្មនិងគ្រឿងសំណង់ផ្សេងទៀតចេញចូលក្រុងប៉ោយប៉ែត ហើយពួកគេបានគេចវេះវាងពីស្ថានីយ៍ថ្លឹងរថយន្តកូនដំររីនៅលើផ្លូវជាតិលេខ៥ក្នុងភូមិកូនដំរីសង្កាត់និមិត្ត។ ទី-ដោយសារភ្លៀងធ្លាក់រណ្តំជោគជាំបង្កពីឥទ្ធិពលសម្ពាធទាបក្នុងតំបន់កន្លងមក ហើយចរាចរណ៍រថយន្តច្រើន មិនមានបញ្ជាទប់ស្កាត់បាន។
លោក គឺម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យប្រាប់តាមទូរស័ព្ទ ដោយទទួលស្គាល់មូលហេតុខូចខាតផ្លូវជាតិលេខ២៥៨ដេ គុត្តសត-អូរបីជាន់ដូចការអះអាងខាងលើដែរ។ ប៉ុន្តែលោក គឹម សុវណ្ណ កត់សម្គាល់ថា តាំងពីអំឡុងភ្លៀងធ្លាក់មកទល់ពេលនេះ មន្ទិរបានទទួលខុសត្រូវ ហើយបានដាក់គ្រឿងចក្រនិងកម្លាំងពលកម្មចុះជួសជុលផ្លូវដែលខូចខាតនោះជាបន្តបន្ទាប់ហើយ។
កាលពីថ្ងៃទី២៤តុលាកន្លងមកនេះ លោកនឹងដកគ្រឿងចក្ររបស់មន្ទិរនៅការដ្ឋានផ្សេងមកសម្រុកជួសជុលចំណុចខូចខាតនៃកំណត់ផ្លូវនេះអោយធានាបានការប្រើប្រាសឡើងវិញ៕ ដោយ : បន្ទាយ