Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន , សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោមផ្ញើសាររំលែកទុក្ខជូនចំពោះនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ

ភ្នំពេញ ៖ សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើសាររំលែកទុក្ខជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានផ្ញើសាររំលែកទុក្ខ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ និងលោកជំទាវ សម្តែងការសោកស្តាយ ស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត។

នៅក្នុងសាររំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានខ្លឹមសារទាំងស្រុង ដូចតទៅៈ “ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថាឧបាសក ឆៃ គឹមឆន បានទទួលមរណភាព នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ១៥និង៣០ ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយា សូមសម្តែងនូវការសោកស្តាយ ស្រណោះ អាឡោះ អាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់ ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត។ ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក ឆៃ គឹមឆន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាត ឡើយ។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវព្រមទាំងក្រុមគ្រួសារ នៃសពទទួលនូវក្តីរាប់អាន ដ៏ជ្រាលជ្រៅពីខ្ញុំ”។

ចំណែកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ បានផ្ញើសាររំលែកទុក្ខជូនឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ឳពុក ឳពុកក្មេក ជីតា ជីតាទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ សន្តោសប្រណី ដែលបានតស៊ូអប់រំ ទូន្មានប្រដៅ បីបាច់ថែរក្សា និងទំនុកបម្រុងកូនប្រុសស្រីប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ និងលោកជំទាវព្រមទាំងក្រុមគ្រួសារមានខ្លឹមសារទាំងស្រុងដូចតទៅៈ “ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន ខ្ញុំ និងភរិយា មានសេចក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសក ឆៃ គឹមឆន ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តមបានមរណភាព នៅថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីរសៀល ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។

ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧបាសក ឆៃ គឹមឆន គឺជាការបាត់បង់ឳពុក ឳពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ពោរពេញ ទៅដោយសង្គហធម៌ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ សន្តោសប្រណី ដែលបានតស៊ូអប់រំ ទូន្មានប្រដៅ បីបាច់ថែរក្សា និងទំនុកបម្រុងកូនប្រុសស្រីប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត។ ទោះបីរូបកាយរបស់ឧបាសកបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល សេចក្ដីថ្លៃថ្នូរ កិត្តិយស ភាពតស៊ូអំណត់ព្យាយាម នឹងនៅស្ថិតស្ថេរជានិច្ចនិរន្តរ៍ នៅក្នុងសន្តានចិត្ដកូន ចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់។ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធឧបាសក ឆៃ គឹមឆន ឆាប់បានទៅចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ។ សូមឯកឧត្តម ព្រមទាំងក្រុមគ្រួសារនៃសពទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា”។

រីឯសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ញើសាររំលែកមរណទុក្ខជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។
នៅក្នុងសាររំលែកទុក្ខរបស់សម្តេចក្រឡាហោម ស ខេង មានខ្លឹមសារទាំងស្រុងដូចតទៅ “ឯកឧត្តម នាយឧត្តមសេនីយ៍ ជាទីរាប់អាន! ខ្ញុំ និងភរិយា មានសេចក្តីសង្វេគ និងសោកស្តាយឥតឧបមាចំពោះមរណភាពរបស់លោកតាឧបាសក ឆៃ គឹមឆន ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃសុក ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុង ជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ។

ក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏សង្វេគក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែក មរណទុក្ខជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាឪពុក និង ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត ដែលកន្លងមកបានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា រហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកតា ឧបាសក ឆៃ គឹមឆន បានទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ សូមឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ”។
សូមជម្រាបថា ពិធីបុណ្យសព ធ្វើនៅផ្ទះលេខ ៦៩ ផ្លូវ P01 (បុរីប៉េងហួត ផ្លូវជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×