ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូធំមួយគ្រឿង ក្នុងល្បឿនលឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងមុខ ដួលចូលក្រោមរថយន្ត បណ្តាលឲ្យជនរងគ្រោះ បាក់ជើងរងរបួសធ្ងន់។ ចំណែកតៃកុងរថយន្តវិញ រត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង០០និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ចំណុចច្រកចូលពេទ្យឯករាជ្យ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌សពាក់ ផ្លាកលេខភ្នំពេញ 2BJ-2010 បើកបរតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន បានបទឆ្វេងឆ្លងផ្លូវ ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ ចំណុចកើតហេតុជាប់នឹងមន្ទីរពេទ្យឯករាជ្យ ស្រាប់តែគេឃើញមានបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ពណ៌ខៀវលាយទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1BD-0173 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពីចំហៀងខាងមុខរថយន្តព្រូស បណ្តាលឲ្យដួលម៉ូតូចូក្រោមរថយន្តបាក់ជើង រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមផងដែរ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត




