ភ្នំពញ ÷ អគ្គិភ័យបានលេបត្របាក់ឆេះឃ្លាំងស្តុកទំនិញ យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ជិតខាង និងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការរាជធានីភ្នំពេញ ចុះមកជួយបាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចឃ្លាំងផែស្ងួត សូ ងួន តាមបណ្តោយផ្លូវ២៧១ ក្រុម១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ឃ្លាំងលោកឧកញ៉ា សូ ងួន ភេទប្រុស អាយុ ៥៦ឆ្នាំ ជាម្ចាស់ឃ្លាំង ចំពោះមូលហេតុ នៃការឆាបឆេះកំពុងតែធ្វេីការស្រាវជ្រាវ។

យោងតាមប្រភពពីពលរដ្ឋ រស់នៅជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹថា ដោយគាត់បានឃើញអណ្តាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅ ចេញពីឃ្លាំងស្តុកទំនិញខាងលើ ពួកគាត់ខ្លាចមានការរាលដាល ទៅលើផ្ទះរបស់គាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យសុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។
ក្រោយពីទទួលបានដំណឹងថា មានអគ្គិភ័យបានឆេះ នៅខណ្ឌមានជ័យហើយភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍ផងដែរ ។

ក្រោយពីហេតុការណ៍គ្រោះអគ្គិភ័យ បានរលត់ទៅវិញឃើញថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន២១គ្រឿង ទើបរលត់ទៅវិញ។
ហើយនៅក្នុងនោះឆេះ បំផ្លាញឃ្លាំងនិងសម្ភារ នៅក្នុងនោះអស់ទាំងស្រុង និងមិនមានរាលដាល ទៅលើផ្ទះពលរដ្ឋជិតខាងនោះទេមិនមានអ្នកស្លាប់ និងមិនមានអ្នករងរបួសទេ រងការខូចខាតតែឃ្លាំងនិងសម្ភារទាំងស្រុង៕ រក្សាសិទ្ធិដោយ៖សាមេត







