ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូត ព្រះរាជាណាច្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញការ បដិសេធចំពោះការជាប់ពាក់ព័ន្ធរបស់ខ្លួនទៅនឹង ការបង្ហោះសារប្រមូលថវិកានៅលើហ្វេសប៊ុក របស់ម្ចាស់គណនី ឈ្មោះ ពូឈីវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ យើងខ្ញុំបានឃើញសារដែលបង្ហោះនៅលើ ហ្វេសប៊ុករបស់ម្ចាស់គណនីឈ្មោះ ពូឈីវ បានចុះផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមាន ខ្លឹមសារថា៖ “សេចក្តីអំពាវនាវ៖ ដោយមើលឃើញការលំបាក របស់ពលករខ្មែររាប់សែននាក់ នៅប្រទេសថៃ ដែលជួបរលកទី៣នៃការរាតត្បាតកូវីដ១៩ ខ្ញុំសុំសទ្ធាបងប្អូនម្នាក់ 2000៛=០.៥$ ដើម្បីរួមចំណែកនូវការលំបាក់នេះ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ -»Royal Embassy of Cambodia in Bangkok ABA 000238158 LA PISETH 078 704345។
ស្ថានទូតសូមបដិសេធទាំងស្រុងថា ការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកខាងលើ មិនពាក់ព័ន្ធ នឹងស្ថានទូតឡើយ ហើយកន្លងមកស្ថានទូត ក៏ពុំមានគោលការណ៍នៃអង្គាសថវិកានោះដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនកុំចាញ់ បោកការអំពាវនាវនេះ និងកុំផ្ទេរប្រាក់ទៅគណនីធនាគារខាងលើជាដាច់ខាត ដើម្បីជៀសវាងការខាតបង់ប្រាក់កាស។
ស្ថានទូតស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពូឈីវ លុបសារនេះចេញពីទំព័រហ្វេសប៊ុក, វេរប្រាក់ ដែលទទួលបានកន្លងមក ត្រឡប់ជូនទៅម្ចាស់ដើមវិញ និងបញ្ឈប់ទង្វើនានា ដែលនាំឲ្យសាធារណជនមានការភ័ន្តច្រឡំបែបនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


