ភ្នំពេញ ៖ មេបញ្ជាការរងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ បានសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអគ្គនាយកគយ និងរដ្ឋាករ កម្ពុជា ពិនិត្យករណីលោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ចាប់រថយន្តរបស់លោកនាំយលកន្លែងគយ ដើម្បីត្រួតពិនិត្យឯកសាររថយន្ត ខណៈរថយន្តលោកបានធ្វើប័ណ្ណសម្គាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១រួចផងដែរ ។

លោកឧត្តមសេនីយ៍ទោ ដោក សារាំ បានសរសេរក្នុងហ្វេសប៊ុកថា “ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ(បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) ។
ចូលបំរើកងទ័ព នៅថ្ងៃទី១០/០២/១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំមកហើយ ផ្នែកជីវភាពរស់នៅមិនសូវជាធូរប៉ុន្មានទេ ។
ដោយខ្ញុំបាទប្រចាំការនៅទិសទី១ចាប់តាំងពីមានជម្លោះជាមួយទាហានថៃ មកដល់បច្ចុប្បន្ននេះ មានការខ្វះខាតមធ្យោបាយធ្វើដំណើរដើម្បីបំពេញភារកិច្ចជូនអង្គភាពនិងជូនថ្នាក់លើឲ្យបានល្អនិងទាន់ពេលវេលា ខ្ញុំបាទបានពិភាក្សាជាមួយក្រុមគ្រួសាររកថវិកា ដែលសល់ពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្ចីពីធានាគារខ្លះ បូករួមគ្នាបានជាង១៥០០០ដុល្លា ទិញរថយន្ត ០១ គ្រឿង ចង្កូតស្តាំជារថយន្តខុសនិងច្បាប់រដ្ឋមកដាក់ក្នុងអង្គភាព បានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១រួចផងដែរ ។
មិនទាន់និងបានជិះបំរើការងារជូនអង្គភាព និងជូនថ្នាក់លើស្រួលបួលផង នៅថ្ងៃទី២៣/០៧/២០២១ ខ្ញុំបាទបានសុំការអនុញ្ញាតច្បាប់ មកស្រុកដើម្បីយកប្រពន្ធមកពិនិត្យភ្នែកនិងជម្ងឺផ្សេងៗ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយគ្រងឯកសណ្ឋានជាស៊ីវិល កំពុងចតរថយន្តក្បែរចិញ្ចើមផ្លូវជាតិលេខ៦ ស្រាប់តែមានកម្លាំងចំរុះ របស់លោក ឈួនសោភា ប្រធានគយតំបន់៥ មកចាប់រថយន្តនាំទៅកន្លែងគយ ដើម្បីត្រួតពិនិត្យឯកសាររថយន្ត តែបែរជាឲ្យខ្ញុំរើអីវ៉ាន់ចុះ ហើយមិនបានពិនិត្យមើលឯកសាររថយន្តដែលពាក់ព័ន្ធ ភ្ជាប់មកជាមួយរថយន្ត ហើយបែរជាធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ រួចឲ្យខ្ញុំនិងគ្រួសារត្រឡប់មកផ្ទះវិញ ដោយប្រគល់កំណត់ហេតុរបស់គយឲ្យមកខ្ញុំមួយច្បាប់ ។
អាស្រ័យហេតុនេះសូមសម្តេច ឯកឧត្តម ជួយពិនិត្យ និងពិចារណាផងចុះ(សូមអរគុណ)”។
ទាក់ទងករណីនេះ លោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មិនអាចសុំការបំភ្លឺបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ






