ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ក្នុងព្រឹត្តិការណ៍ Tokyo Olympic Games 2020

CAMSOC-ភ្នំពេញ ៖ ក្រុមអត្តពលិកកីឡាហែលទឹកជម្រើសជាតិកម្ពុជា បានដឹងកាលបរិច្ឆេទប្រកួត របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ខណៈកីឡាអត្តពលកម្មត្រូវប្រកួត នៅថ្ងៃទី៣១ ខែកក្កដា តែមិនទាន់ដឹងម៉ោងប្រកួតនោះទេ។

លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម បានឲ្យដឹងថា កីឡាហែលទឹកកម្ពុជា ដោយមានការផ្លាស់ប្ដូរមួយចំនួន នឹងត្រូវប្រកួតនាថ្ងៃទី៣០ ខែកក្កដា វិញ នាវេលាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre។

ចំពោះអត្តពលិកកីឡាហែលទឹកកម្ពុជាមាន ២រូប គឺកីឡាករ ហែម ប៊ុច និង កីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០ ម៉ែត្រ សេរីដូចគ្នា។ សម្រាប់កីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរី ទី៤ (Heat-4) និងខ្សែបន្ទាត់ទី៦(Lane-6)។ រីឯកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាត់ទី៥ (Lane-5)។

នាយរងបេសកកម្មខាងលើ បញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនេះ គណៈកម្មការ នឹងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនី មានសិទ្ធិផលខ្ពស់ជាងគេ ឬប្រើ ថិរវេលា តិចជាងគេតាមសេរី ឬ Heat នីមួយៗចំនួន ១៨នាក់ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បី បន្ដ ការ ប្រ កួត ដណ្ដើម កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។ ប៉ុន្ដែកីឡាករ-កីឡាការិនី មិន សូវរំពឹង ក្នុងការឈានទៅដណ្ដើមមេដាយនោះទេ ព្រោះនេះជាការប្រកួតកម្រិតខ្ពស់ តែអ្វីដែលជាក្ដីរំពឹងរបស់អត្តពលិកកម្ពុជា គឺ ការ ធ្វើបានល្អក្នុងសេរី និងបំបែកសិទ្ធិផលចាស់របស់ខ្លួន។

ដោយឡែក កីឡាករអត្តពលកម្មកម្ពុជា កីឡាករ ប៉ែន សុគង់ ក៏កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ដើម្បីត្រៀមការប្រកួតរបស់ខ្លួន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដោយកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ ចំពោះម៉ោងប្រកួតវិញ គណៈកម្មការរៀបចំការប្រកួត គ្រោងនឹងប្រកាសថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល។

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតព្រឹត្តិការណ៍ Tokyo Olympic Games 2020 នៅប្រទេសជប៉ុន ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ហើយកម្ពុជា បានទទួលសិទ្ធិអនុគ្រោះ បញ្ជូនអត្តពលិក ២ប្រភេទកីឡាចូលរួមប្រកួត គឺកីឡាករ-កីឡាការិនីហែលទឹក ២រូប និងកីឡាករអត្តពលកម្មម្នាក់ ដែលនឹងត្រូវធ្វើការប្រកួត នាចុងសប្ដាហ៍ក្រោយ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម