Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ ចុះបង្ក្រាបអាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាច្រើននាក់ នៅក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាជីវកម្មរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាប និងចាប់ខ្លួនបានមនុស្សសរុប១៥នាក់ជាបន្ដបន្ទាប់ និងម៉ាស៉ីនខួងធុនធំជាច្រើនគ្រឿង នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចភូមិអន្លុងស្វាយ ស្ថិតនៅក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥កក្កដានេះ បានបន្តចុះពិនិត្យទីតាំងរណ្ដៅរ៉ែ ៣កន្លែង នៅចំណុចខាងលើនោះថែមទៀត។
មន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ការចុះបង្ក្រាបអាជីវកម្មរ៉ែមាសល្មើសច្បាប់ ទាំង៣ទីតាំងនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ដែលមានការសម្របសម្រួលពីលោក ជា សុភ័ក្ដ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា ដោយនៅថ្ងៃទី២៤ ខែកក្កដា បង្ក្រាបនៅភូមិអន្លុងស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួនមនុស្សបាន៧នាក់ ដែលជនល្មើស បានកំពុងធ្វើសកម្មភាព បើកការដ្ឋានខួងអណ្តូងរករ៉ែចំនួន៣កន្លែង។ ដោយឡែក នៅថ្ងៃទី២៥ ខែកក្កដានេះ ចំណុចភូមិចម្ការលើ ឃុំចម្ការលើ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។

សមត្ថកិច្ចបានអះអាងថា ទីតាំងនេះបានធ្វើអាជីវកម្មរ៉ែដោយលួចលាក់ និងដាក់ម៉ាស៊ីនខួងដើម្បីយករ៉ែ ដោយគ្មានច្បាប់អនុញ្ញាត។ នៅពេលសមត្ថកិច្ចចុះបង្ក្រាប គេសង្កេតឃើញមានបក្ខពួកផ្សេងទៀត របស់ក្រុមជនល្មើសទាំងអស់ រត់ខ្វែងខ្វាត់ ដើម្បីអន្ដរាគមន៍ ចំពោះអំពើល្មើសច្បាប់នេះផងដែរ។

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បន្តរុករកម៉ាស៊ីនខួង និងសម្ភារបម្រើឲ្យមធ្យោបាយបទល្មើសខុសច្បាប់បន្ថែមទៀតផងដែរ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×