ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគប្រមាណ៧.៨លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។
នៅចុងខែកក្កដា ឆ្នាំ២០២១នេះ តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំងពីរនេះដូចជា៖
១៖ ក្រុមហ៊ុន«CATHAYA (CAMBODIA) CO., LTD.» គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ២.៨លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។
២៖ ក្រុមហ៊ុន«CK SPORTS CO., LTD.» គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែក ជើង និងសម្ភារកីឡា ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់៕
រក្សាសិទ្ធិដោយ៖CEN

