Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងសាងសង់ អាកាសយានដ្ឋាននៅកម្ពុជា នៅតែបន្ដសកម្មភាព តែមិនលឿន

ភ្នំពេញ ៖ គម្រោងសាងសង់អាកាសយានដ្ឋាន ដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី អាកាសយានដ្ឋាន នៅខេត្តបាត់ដំបង កោះកុង និងមណ្ឌលគិរី ជាដើម នៅតែបន្តសកម្ម ភាព តែល្បឿននៃការសាងសង់ មិនលឿនដូចការរំពឹងទុក ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានឱ្យ អ្នកសារព័ត៌មានដឹងថា ដោយសារការរំខានមកពីជំងឺឆ្លងកូវីដ-១៩ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលកំពុងដំណើរការសាងសង់ មានល្បឿននៃការសាងសង់យឺតជាងមុន។

ឯកឧត្តមបន្តថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានការសាងសង់ជាង ១៨% ខណៈ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបានជាង ៤៣%។
ដោយឡែកចំពោះ គម្រោងអាកាសយានដ្ឋាន នៅខេត្តបាត់ដំបង កោះកុង និងមណ្ឌលគីរីជាដើម នៅតែបន្ដ ដំណើរការ ប៉ុន្តែសកម្មភាពសាងសង់មិនលឿនខ្លាំង ដូចពេលមុនមានវិបត្តិ កូវីដ-១៩នោះឡើយ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើប៉ះពាល់វិស័យហោះហើរនៅកម្ពុជាជាខ្លាំង។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចមិនយកពន្ធ លើក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជួយកាត់បន្ថយបន្ទុកដល់ក្រុមហ៊ុនទាំងនោះ។
គួរបញ្ជាក់ថា តាមតួលេខ នៅឆ្នាំ២០២០ អាកាសយានដ្ឋាន អន្តរជាតិទាំងបីរបស់កម្ពុជា ទទួលបាន អ្នកដំណើរ សរុប ប្រមាណជាង ២ លាននាក់ ធ្លាក់ចុះប្រមាណ ៧៩ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ ឆ្នាំ២០២០ កន្លងទៅ
អាកាសយានដ្ឋានទាំងបីរបស់កម្ពុជាទទួលបានអ្នកដំណើរដូចខាងក្រោម៖ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន១,៣៣១,០៤៥នាក់ ធ្លាក់ចុះ៧៨ភាគរយ, ជើងហោះហើរ ចេញ-ចូល សរុបចំនួន១៨,៣៤៦ជើង ធ្លាក់ចុះ៦៧ភាគរយ និងសមត្ថភាពផ្ទុកទំនិញ សរុបចំនួន៥៥,១៦៦តោន ធ្លាក់ចុះ២៩ភាគរយ។

អាកាសយានដ្ឋានអន្ដរជាតិសៀមរាប គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន៦១៨,៧៥៣នាក់ ធ្លាក់ចុះ៨៤ភាគរយ, ជើងហោះហើរ ចេញ-ចូល សរុបចំនួន៧,៧៥១ជើង ធ្លាក់ចុះ៨១ភាគរយ និងសមត្ថភាពផ្ទុកទំនិញ សរុបចំនួន១៦០តោន ធ្លាក់ចុះ៩១ភាគរយ។

អាកាសយានដ្ឋានអន្ដរជាតិខេត្ដព្រះសីហនុ គិតត្រឹមខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ អ្នកដំណើរតាមផ្លូវអាកាស សរុបចំនួន២២០,៨១១នាក់ ធ្លាក់ចុះ៨៧ភាគរយ និងជើងហោះហើរ ចេញ-ចូល សរុបចំនួន៣,១៥១ជើង ធ្លាក់ចុះ៨២ភាគរយ៕
រក្សាសិទ្ធិដោយ៖CEN

×