ក្មេងម្នាក់ បានត្រូវរថយន្តមួយគ្រឿងបុកប៉ះខណៈពេលដែលម្តាយរបស់វា រវល់ជាពន់ពេកជាមួយនឹងទូរស័ព្ទស្មាតហ្វូន។ តាម Guangxi News ហេតុការណ៍នេះបានកើតនៅវិថី Yinbin ស្រុក Leye ខេត្តក្វាងស៊ី នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៤ ខែមីនា កន្លងមក។
ឃ្លីបខាងក្រោម របស់ដេលីមែល បង្ហាញឲ្យឃើញថា ស្ត្រីជាម្តាយកំពុងផ្ចង់ភ្នែកទៅលើអេក្រង់ទូរស័ព្ទ ខណៈពេលដែលកូនប្រុស ២នាក់ រត់ចុះរត់ឡើង នៅលើគំនូសផ្លូវសម្រាប់អ្នកធ្វើដំណើរ ក្នុងអំឡុងពេលរង់ចាំម្តាយ។ កូនប្រុសម្នាក់ក្នុងចំណោមនោះស្រាប់តែវាលោតឆ្លងរបាំងកណ្តាលថ្នល់ទៅផ្លូវម្ខាងទៀត ពេលរត់ត្រឡប់មកវិញ រថយន្ត ៧កៅអី មួយគ្រឿង ដែលកំពុងធ្វើចរាចរលើផ្លូវបានជាន់ហ្វ្រាំងមួយទំហឹងមុនពេលប៉ះមកលើក្មេងប្រុសនោះធ្វើឲ្យវារមៀលលើថ្នល់។
ក្រោយមកប៉ូលិសចរាចរណ៍បាននាំយកក្មេងប្រុសនេះទៅកាន់មន្ទីរពេទ្យ ហើយស្ត្រីជាម្តាយដែលញៀនស្មាតហ្វូនម្នាក់នេះ ត្រូវបានប៉ូលិសនាំឲ្យទៅមើលកាមេរ៉ាថតជាក់ស្តែងពេលហេតុការណ៍កើតឡើង និងទូន្មានថា ៖ ប្រសិនបើស្រឡាញ់អាយុជីវិតខ្លួន និងកូនខ្លួនពុំគប្បីប្រើប្រាស់ស្មាតហ្វូន ខណៈពេលដែលកំពុងចូលរួមក្នុងចរាចរណ៍៕ ចន្ទ្រា