Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» តម្លៃ ជាង៣,៣លានដុល្លារ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងលោកមិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,៣ លានដុល្លារអាមេរិក នៅព្រឹកថ្ងៃចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា លិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,៣ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួល បានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។
ប្រមុខការទូតកម្ពុជាបានបន្តថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គំរោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អស់រយៈពេលជាង ២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ ៥០០នាក់ ដែលក្នុងនោះមាន ២៤នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុនបានផ្តល់ដល់ប្រទេសកម្ពុជា នូវគំរោងអាហារូបករណ៍និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដ៏ទៃទៀត ដែលបានរួមចំណែកយ៉ាងសំខាន់ដល់តម្រូវការរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និងផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈរ របស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា។

ជប៉ុនក៏កំពុងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង ៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ ២៣០លានដុល្លារ។ កាលពីថ្ងៃសុក្រ ទី២៣ ខែកក្កដា សប្តាហ៍មុន ការមកដល់របស់វ៉ាក់សាំងជើងទីមួយនៃវ៉ាកសាំងសរុបចំនួន ១លានដូស ដែលជាជំនួយរបស់ជប៉ុន ត្រូវបានស្វាគមន៍ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងបានពិពណ៌នាការបរិច្ចាគនេះថា ជា “ភ័ស្តុតាងថ្មីដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ជ្រាលជ្រៅ និងការទទួលខុសត្រូវដ៏ធំធេងរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រប្រទេសដែលមានធនធាន និងលទ្ធភាពនៅមានកម្រិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។
ជំនួយរបស់ប្រទេសជប៉ុននេះ ដែលគ្របដណ្តប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ ក្នុងចំណោមវិស័យជាច្រើនផ្សេងទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡោះងថា ទន្ទឹមនឹងការសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ដល់ប្រទេសកម្ពុជា សូមថ្លែងអំណរគុណចំពោះឯកអគ្គរាជទូត មិកាមិ និង សហការី របស់លោកនៅស្ថានទូតជប៉ុន ព្រមទាំងបុគ្គលិកនៃទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងការចូលរួមយ៉ាងសកម្មរបស់ពួកគេ ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង របស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសយើងទាំងពីរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×