ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញលិខិតណែនាំទៅកាន់អភិបាលរាជធានី-ខេត្ត ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឲ្យដឹងថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន រួមទាំងផលវិបាកសង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្រសួងសុខាភិបាល សូមធ្វើការស្នើ និងជំរុញទៅកាន់អភិបាលរាជធានី-ខេត្ត អនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់នៃមេរោគកូវីដ-១៩ ព្រមទាំងផ្លាស់ប្ដូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឱ្យបានត្រឹមត្រូវ។

ក្នុងខ្លឹមសារលិខិតរបស់ លោករដ្ឋមន្ត្រីម៉ម ប៊ុនហេង បានសង្កត់ថា ការរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឱ្យបានត្រឹមត្រូវនោះ គឺប្រជាពលរដ្ឋត្រូវចេះការពារខ្លួនដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ការមកដល់នៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលមានសមត្ថភាពឆ្លងរីករាលដាលលឿនជាងមុន និងបង្កជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាងមុន ដែលទាមទារឱ្យមានការ ប្រឹងប្រែងខ្លាំងបំផុតក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការឆ្លងធ្លាយចូលក្នុងសហគមន៍នូវវីរុសកូវីដ-១៩ ប្រភេទដែលតា។ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូដ-១៩ បានចាត់ទុកថា ការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យឯកជន ក្នុងការអនុវត្តវិធានការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងទៀតថា អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពក្នុងគ្រប់ទីតាំង និងឱ្យបានឆាប់បំផុតលើវិធានការសំខាន់ ដូចខាងក្រោម៖

- ចាត់ចែងរៀបចំ ប្រកាស បិទផ្សព្វផ្សាយនូវសម្ភារដែលបានផ្តល់ដោយក្រសួងសុខាភិបាល តាមរយៈការគាំទ្ររបស់ អង្គការយូនីសេហ្វ (UNICEF) ដែលបានបែងចែកជូនដល់គ្រប់រាជធានី-ខេត្តទាំងអស់ ឱ្យបានឆាប់រហ័សទៅដល់គ្រប់ភូមិគោលដៅ និងបន្តសហការជាមួយដៃគូពាក់ព័ន្ធ សង្គមស៊ីវិល ក្នុងរាជធានី-ខេត្តទាំងអស់ ដើម្បី បោះពុម្ព ចែកចាយ សម្ភារអប់រំសុខភាពឱ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។
- ណែនាំ និងចាត់វិធានការដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាក្លិបកម្សាន្ត អាជីវកម្ម ម៉ាស្សា ហាង លក់និងសេពគ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ផ្សារ , ផ្សារទំនើប ធនាគារ និងកន្លែង ប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅការអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការ ការឆ្លងជាយថាហេតុនូវវីរុសកូដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN















