ភ្នំពេញ ៖ មេទឹកបែកក្អមទំហំ៥៤ហិកតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែក អញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បាននិងកំពុងតែកាយស្ដារ យកអាចម៍ដី ដើម្បីយកទៅលក់ ក្រោយពីក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីប្រកាស អំពីការស្ដារអូរ បឹងបួរធម្មជាតិ ចំនួន២២ កន្លែងស្ថិត ក្នុងស្រុកមុខកំពូលខេត្តកណ្ដាល ដើម្បីបម្រើឲ្យវិស័យកសិកម្ម និងការប្រើប្រាស់ជាសាធារណៈ ជាហេតុនាំឲ្យអាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញ នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល សម្ងំកើបលុយបានរាប់សិបម៉ឺនដុល្លារ យ៉ាងស្ងៀមស្ងាត់ ដោយកំណត់លក់អាចម៍ដី ឲ្យឈ្មួញក្នុងមួយហិកតា តម្លៃ៣ម៉ឺនដុល្លារ ។

ទាក់ទិននឹងករណីនេះធ្វើឲ្យមហាជន មានការសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំនាញ កំពុងតែទទួលបានលុយ ពីរច្រកគឺ ថវិកាជាតិ និងលុយដែលលក់អាចម៍ដី ឱ្យឈ្មួញដើម្បីកាយយកទៅលក់ ឲ្យម្ចាស់បុរី ដីឡូត៍ ផ្ទះល្វែង និងតម្រូវការរបស់អតិថិជន នៅក្នុងតំបន់នោះ ដោយក្រុមខ្លះទិញបាន ៣ហិកតា ក្រុមខ្លះទិញបាន ១០ហិកតា និងក្រុមខ្លះទៀតទិញ បានជាង ២០ ហិកតាឯណោះ ដែលក្នុងពេលនេះ គេកំពុងឃើញគ្រឿងចក្រជាច្រើនគ្រឿង កំពុងតែមមាញឹក ក្នុងការកាយនិងដឹកចេញឲ្យបានមុនរដូវភ្លៀង។
ថៅកែគ្រឿងចក្រម្នាក់ ដែលគាត់បានទិញអាចម៍ដី យកទៅចាក់ឱ្យដីឡូត៍ បានបង្ហើបព័ត៌មានថា គាត់បានទិញអាចម៍ដី ចំនួន៤ហិកតា រួចមកហើយស្មើនឹង ១២ម៉ឺនដុល្លារ ហើយបានប្រគល់លុយ ឲ្យគេរួចរាល់ហើយដែរ ពេលនេះគាត់កំពុងចរចាទិញអាចម៍ដីចំនួន ២ ហិកតាទៀត ដើម្បីយកទៅចាក់តាមតម្រូវការដីឡូត៍។

លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល បានប្រាប់អ្នកសារព័ត៌មានថា ការស្ដារដីមេទឹកបែកក្អមនេះ គឺជាគម្រោងថ្នាក់ជាតិ ចំណាយលុយជាតិ ប៉ុន្តែចំណាយអស់ប៉ុន្មាន លោកមិនដឹងទេ ហើយទាក់ទងនឹងលុយលក់អាចម៍ដី មួយហិចតា ៣ម៉ឺនដុល្លារនេះ គឺមិនពិតទេ គ្រាន់តែបានលុយកាហ្វេបន្តិចបន្តួចតែប៉ុណ្ណោះ។
ចំណែកលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានបដិសេធថា មិនមានការលក់ដូរអាចម៍ដី មេទឹកបែកក្អមនេះឡើយ ដោយលោកបន្តថា លោកទទួលតែសមិទ្ធផលតែប៉ុណ្ណោះ រឿងលក់ដូរលោកមិនដឹងទេ។

រីឯលោក ជា សារិន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល បានប្រាប់ថា គម្រោងស្ដារមេទឹកបែកក្អម មានច្បាប់អាជីវកម្ម គឺជាគម្រោងខាងក្រសួងធនធានទឹក ដោយចំណាយថវិកាជាតិ។
បើទោះបីជាមានការបដិសេធ ពីមន្ត្រីជំនាញយ៉ាងណាក្តី ប៉ុន្តែថៅកែគ្រឿងចក្រ បានអះអាងថា ពួកគាត់ពិតជា បានទិញដីបឹងបែកក្អមប្រាកដមែន គឺក្នុងមួយហិកតាតម្លៃ ៣ម៉ឺនដុល្លារ បើសិនជាពួកគាត់ មិនទិញទេ គឺមិនអាចដាក់គ្រឿងចក្រ ចូលកាយយកអាចម៍ដី យកមកចាក់ឲ្យដីឡូត៍ ដីបុរី ផ្ទះល្វែង និងតាមតម្រូវការរបស់អតិថិជន បានឡើយ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ