Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម បញ្ជាក់ពីតម្លៃសេវាកម្ម ជួលគ្រឿងចក្រកសិកម្ម ជូនកសិករយ៉ាងជាក់លាក់

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីតម្លៃសេវាកម្មជួលគ្រឿងចក្រកសិកម្មជូនកសិករយ៉ាងជាក់លាក់ ដើម្បីងាយស្រួលដល់កសិករ សហការ។ ក្រសួងកសិកម្ម បានផ្តល់សេវាកម្មជួលគ្រឿងចក្រជូនកសិករនេះ គឺដើម្បីចូលរួមធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្មឱ្យកាន់តែប្រសើរ ដោយចេញពីការប្រើគោក្របីជាប្រពៃណី មកប្រើគ្រឿងចក្រកសិកម្មជំនួសវិញ។

តម្លៃសេវាកម្ម ដែលក្រសួងកសិកម្ម បានផ្ដល់ជូន និងសហការជាមួយកសិករនាពេលកន្លងមក រួមមាន ទី១- ការកៀរពង្រាបដីចម្ការ ១៤០ ០០០៛/ហត ដីស្រែ ៦០០ ០០០៛/ហត ទី២- ការដាំដំណាំគម្របដីមុនដាំពោតនិងស្រូវ ១២០ ០០០៛/ហត ទី៣- ការដាំស្រូវ ពោត សណ្តែកដោយម៉ាស៊ីនដាំគ្រាប់ស្ងួតលើដីមិនភ្ជួររាស់១៤០ ០០០៛/ហត ទី៤- ការដាំដំឡូងមីដោយម៉ាស៊ីនលើដីមិនភ្ជួររាស់ ៣៥០ ០០០៛/ហត ទី៥- ការដាំពោត និងស្រូវលើគម្របដីស្រស់ ១៤០ ០០០៛/ហត ទី៦- ការដាំដំណាំចំណីសត្វ ១៤០ ០០០៛/ហត និងទី៧- ការដាំដំណាំគម្របដីក្នុងចន្លោះឈើហូបផ្លែ ១៤០ ០០០៛/ហត។ គិតមកទល់ពេលនេះ សរុបផ្ទៃដីអនុវត្តន៍សម្រេចបានចំនួន១,៦៨៦ហត និងមាន ៦៦០ គ្រួសារទទួលបានសេវាកម្មនេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆមាសទី២ ក្រុមការ ងារគម្រោងរបស់ក្រសួងកសិកម្ម នឹងដាក់គោលដៅបន្តសម្របសម្រួល លើការផ្តល់សេវាកម្មគ្រឿងយន្តកសិកម្ម និងគ្រាប់ពូជដំណាំគម្របដី ឱ្យបានទាន់ពេលវេលា ជាពិសេសផ្តល់ការប្រឹក្សាយោបល់ បច្ចេកទេសលើការថែទាំដំណាំ ចែករំលែកចំណេះដឹង តាមរយៈបណ្តាញសង្គម ទៅដល់តួអង្គនៃបណ្តាញកសិកម្មអភិរក្ស រៀបចំវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីបច្ចេកទេសតាមប្រព័ន្ធអនឡាញ និងវាយតម្លៃប្រសិទ្ធភាព នៃប្រព័ន្ធដាំដុះរបស់បណ្តាញកសិករ ក្នុងឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានអនុវត្តនៅទីតាំងគោល សរុបចំនួន១៨ភូមិ ក្នុងស្រុករតនៈមណ្ឌល សំឡូត និងស្រុកបាណន់ ខេត្តបាត់ដំបង ដោយផ្តោតលើផលិតកម្មដំណាំចម្ការ ប្រចាំរដូវ (ពោត ដំឡូងមី សណ្តែក) ផ្លែឈើហូបផ្លែ និងការចិញ្ចឹមសត្វ ក្នុងស្រុករតនៈមណ្ឌល និងផលិតកម្មស្រូវទំនាប ដែលរំពឹងទឹកភ្លៀងក្នុងស្រុកបាណន់៕​រក្សាសិទ្ធិដោយ៖CEN

×