Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងស្វែងរកជនល្មើសម្នាក់​ ករណីរំលោភ និងប៉ុនប៉ងសម្លាប់ ទៅលើកុមារីអាយុ១៤ឆ្នាំម្នាក់

ខេត្តកំពង់ស្ពឺ ៖ អង្គភាពការពារកុមារ (CPU) បានឲ្យដឹងថា បេសកកម្មស្វែងរកជនល្មើស។ ក្រុមការងារចម្រុះ GOLF21 ត្រូវបានបង្កើតឡើង បន្ទាប់ពីមានករណីរំលោភ និងប៉ុនប៉ងសម្លាប់ ទៅលើកុមារីអាយុ១៤ឆ្នាំម្នាក់ នៅខេត្តកំពង់ស្ពឺ។

ករណីរំលោភ និងប៉ុនប៉ងសម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង១២រសៀល មានបុរសជាអ្នកជិតខាងម្នាក់ បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ ជាកុមារីអាយុ១៤ឆ្នាំ បានចូលទៅជួយ។ លុះចូលដល់ក្នុងផ្ទះ ក៏ត្រូវគេវាយ ហើយរំលោភ។ ជនរងគ្រោះបានតដៃ ព្យាយាមរំដោះខ្លួន ប៉ុន្តែជនល្មើសបានយកញញួរ មកវាយទៅលើជនរងគ្រោះយ៉ាងខ្លាំង បង្កអោយសន្លប់បាត់ស្មារតី។
ជនល្មើសបានខ្ទាស់សោរផ្ទះ ទុកជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួន។ នៅវេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររក។ អ្នកជិតខាងបានឮសំឡេងស្រែករកជំនួយ មកពីក្នុងផ្ទះជនល្មើស ក៏បានគាស់បើកទ្វារ ហើយឃើញជនរងគ្រោះក្នុងស្ថានភាពធីងធោង និងមានរបួសធ្ងន់ជាច្រើនកន្លែង នៅលើផ្នែកក្បាល និងដងខ្លួន។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូន ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។ កន្លែងកើតហេតុត្រូវបានកំណត់ និងសំណាកវេជ្ជសាស្រ្ត ត្រូវបានប្រមូល ពីវត្ថុតាងដែលមាន និងពីជនរងគ្រោះ។
ដោយសារស្ថានទម្ងន់នៃរបួស អង្គភាពការពារកុមារ (CPU) បានរៀបចំបញ្ជូនជនរងគ្រោះ មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទាំងនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21។ អត្តសញ្ញានជនល្មើសត្រូវបានកំណត់ ហើយបេសកកម្មស្វែងរក គឺកំពុងតែដំណើរការ។

“កុមារីនេះបានរងគ្រោះ ពីអំពើវាយប្រហារយ៉ាងសាហាវ ដែលបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត ហើយក្នុងពេលបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពសន្លប់។ ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំឲ្យមកប្រគល់ខ្លួន ដល់សមត្ថកិច្ច ដែលនៅជិតបំផុត ព្រោះក្រុមការងារយើង នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកអ្នក វាគ្រាន់តែជារឿងមុនឬក្រោយទេ។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×