ភ្នំពេញ ៖ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន លោក អេង អូន មានមុខរបរ ជាមន្ត្រីយោធានៅមូលដ្ឋានទ័ពអាកាសកងកេង ខេត្តព្រះសីហនុ និង ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ ពាក់ព័ន្ធបទល្មើស ឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ។

យោងតាមឯកសាររបស់ឯកសាររបស់តុលាការ ដែលមជ្ឈមណ្ឌលព័ត៌មានCEN ទើបតែទទួលបាននៅថ្ងៃទី២៦ ខែ កក្កដានេះ បានឲ្យដឹងថា លោក អេង អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង ត្រូវបានប្តឹងពី ភាគីដើមបណ្ដឹង ឈ្មោះ ប្រាក់ ប្រាកដ ពាក់ព័ន្ធនឹងបទល្មើសឆបោក និង ការរំលោភលើទំនុកចិត្ត នូវទឹកប្រាក់ជាង ៩០ ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ កន្លងផុតទៅនេះ លោក អេង អូន ក៏ត្រូវបាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សម្រេចផាកពិន័យ ជាទឹកប្រាក់ជាង៨០០លានរៀលផងដែរ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន អភិវឌ្ឍ ភ្នំថ្កូវ របស់លោក បានកាយយកដីក្រហម ដោយគ្មានការអនុញ្ញាត ឬ ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួង។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងតែស្ថិតនៅក្នុងដំណាក់កាល សាកសួររបស់លោកព្រះរាជអាជ្ញារង នៅឯតុលាការ នៅឡើយ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


