ភ្នំពេញ ÷ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Morning មួយគ្រឿង និងម៉ូតូViva មួយគ្រឿង បណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន៣០ម៉ែត្រ និងផ្លូវបេតុងប្រឡាយទឹកស្អុយ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក KIA Morning ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AM-1947 បើកបរពីទិសដៅពីលិចមកកើត លុះដល់ចំណុចផ្លូវបំបែកជាបួន ក៏មានបុរសម្នាក់ទៀតជិះម៉ូតូViva ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 1B-8825 ធ្វើដំណើរបញ្រ្ចាសទិសគ្នា ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានវ៉ារថយន្តមួយគ្រឿងទៀតនៅខាងមុខ ក៏ជ្រុលចង្កូតទៅបុករថយន្តនៅខាងមុខ យ៉ាងពេញទំហឹងប៉ើងត្រូវកញ្ចក់រថយន្ត រងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅតាមរថយន្តសាមុយមន្ទីរពេទ្យឯកជនសែនជ័យ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូនិងរថយន្ត រងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម






