ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

TOKYO 2020 ៖ កីឡាក្រៅសាលមួយចំនួន គ្រោងផ្អាកការប្រកួត ពេលព្យុះទីហ្វុង Nepartak ទៅដល់ទីក្រុងតូក្យូ

CAMSOC-ភ្នំពេញ ៖ ក្រោយទទួលព័ត៌មានព្យុះទីហ្វុង Nepartak កំពុងរំកិលទៅរកប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងដំណើរការប្រកួតកីឡាអូឡាំពិករដូវកាលក្ដៅ ឆ្នាំ២០២០ (Tokyo Olympic Games 2020) គណៈកម្មការរៀបចំព្រឹត្ដិការណ៍ពិភពលោកនេះ បានជូនដំណឹងដល់អត្តពលិកទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន គ្រាដែលការប្រកួតកីឡាក្រៅសាលមួយចំនួន នឹងត្រូវផ្អាកការប្រកួត ពិសេសកីឡាលើទឹកតែម្ដង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម ក្រុមអត្តពលិកអូឡាំពិកកម្ពុជា បានមានប្រសាសន៍ពីទីក្រុងតូក្យូ នាល្ងាចថ្ងៃចន្ទនេះថា « ពេលព្យុះទៅដល់ទីក្រុងតូក្យូ កីឡាក្រៅសាលមួយចំនួនត្រូវផ្អាកការប្រកួត មានដូចជាកីឡាទូកក្ដោង ទូកកានូ និងអាចមានកីឡាអត្តពលកម្មផងដែរ ហើយប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំង នឹងផ្អាកកីឡាក្រៅសាលទាំងអស់តែម្ដង។ ចំណែកកីឡាករ-កីឡាការិនីដែលស្នាក់នៅក្នុងភូមិកីឡាអូឡាំពិកវិញ ក៏ត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ»។

តាមការរាយការណ៍របស់ទីភ្នាក់ងារឧត្តុនិយមជប៉ុន បានឲ្យដឹងថា ព្យុះទីហ្វុង Nepartak កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកមកលើដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០។ ដូច្នេះកម្មវិធីប្រកួតកីឡាមួយចំនួន នឹងត្រូវទទួលរងផលប៉ះពាល់ដោយឥទ្ធិពលអាកាសធាតុ នៃព្យុះនេះ ដែលត្រូវបានគេប៉ាន់ស្មានល្បឿនខ្យល់ប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅរសៀលថ្ងៃអង្គារនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម