ភ្នំពេញ ៖ ក្នុងខ្លឹមសារលិខិតមួយច្បាប់ផ្ញើទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលថ្មីៗនេះ លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ នាយករដ្ឋមន្រ្តីជប៉ុន បានបង្ហាញអារម្មណ៍ និងទឹកចិត្តជាមិត្តរបស់កម្ពុជាថា នៅពេលដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បំពេញតួនាទីដ៏សំខាន់ជាប្រធានអង្គប្រជុំ អាស៊ី-អឺរ៉ុប(ASEM) ខ្ញុំនឹងចូលរួមសហការឲ្យអស់ពីសមត្ថភាព ដើម្បីភាពជោគជ័យនៃកិច្ចប្រជុំទាំងនេះ។
ជាមួយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលនឹងមកដល់, ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឆ្លើយតបទៅកាន់មិត្តជប៉ុនវិញថា សម្ដេចនឹងបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ លោកនាយករដ្ឋមន្រ្តីជប៉ុន ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងទាំង ក្របខណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈប្រព័ន្ធវីដេអូ នៅខែវិច្ឆិកាឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមក នៃប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN