ភ្នំពេញ ៖ សាលាឧទ្ទរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ កក្កដាឆ្នាំ ២០២១ បានប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍របស់អតីតលោកផ្កាយ២ អ៊ុង ចាន់ធួក និង ជនជាប់ចោទ០២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងចាក់បាស់រាំរែក ច្រៀងរាំកំសាន្ដ និង ស៊ីផឹក បំពានបម្រាមហាមឃាត់របស់អាជ្ញាធររាជធានីភ្នំពេញ និង រំលោភច្បាប់កូវីត១៩ ប្រព្រឹត្ត កាលពីអំឡុងខែ មេសាឆ្នាំ ២០២១ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់ សាលក្រមរបស់តុលាការរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទ ២៩ ខែ មេសា ឆ្នាំ ២០២១ រក្សាទុកជាបានការដដែល និង រក្សាទណ្ឌកម្មរបស់ពួកគេនៅដដែល តែបើកផ្លូវឱ្យពួកគេប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល តាមច្បាប់បានកំណត់។
សវនាការនេះ ធ្វើឡើងដោយលោកចៅក្រម ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ និង មានព្រះរាជអាជ្ញារង លោកជុំ សែនសទ្ធា ជាតំណាងអយ្យការ។

លោកចៅក្រម ងួន រតនា បានថ្លែងថា ជនជាប់ចោទទាំង០៣នាក់ ខាងលើ រួមមាន ទី ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល និងជាអតីតជាមន្ត្រី នគរបាលជាតិ មានឋានៈអនុប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ទី ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបម្រើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និង ទី ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបម្រើការងារនៅផ្ទះ អ៊ុង ចាន់ធួក។
ក្នុងចំណោមអ្នកទាំង០៣នាក់នេះ ជនជាប់ចោទ ឈ្មោះ អ៊ុង ចាប់ធួកត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោស ដាក់ពន្ធនាគារ កំណត់០១ឆ្នាំកន្លះ (ស្មើនិង១៨ខែ) ។ ចំណែកឯ ជនជាប់ចំនួន០២នាក់ទៀត គឺត្រូវជាប់ទោស ក្នុងពន្ធនាគារម្នាក់ៗ កំណត់ ០១ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ ចំនួន ០៥លានរៀល សម្រាប់ដាក់ចូលជាថវិកាជាតិ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង០៣នាក់ ត្រូវបានជាប់ចោទពីបទ “វិធានការរដ្ឋបាល និង វិធានការផ្សេងៗទៀត និង រារាំងដល់ការអនុវត្តវិធានការ” តាមមាត្រា ៤ និង ១១ ស្តីពីច្បាប់កូវីត១៩ និង មាត្រា៤៧ នៃ ក្រមនីតិវិធីព្រហ្មទណ្ឌ ។
គួរបញ្ជាក់ទៀតថា ជនជាប់ចោទទាំង០៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន ក្រោយពួកគេបានរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួម ពីអ្នកផ្ទះជួលប្រមាណ ៣០ ទៅ៤០នាក់ កាលពីវេលាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា